ក្រុមហ៊ុនចិនមួយ ចង់ពង្រីករោង​ចក្រ​ផលិតកង់ក្នុងក្រុងបាវិតឱ្យកាន់តែធំ ដើម្បីពង្រីកច្រវាក់​ផលិតកម្មបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) បានលើកបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការពង្រីករោង​ចក្រ​របស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យកាន់តែមានទំហំធំ ដើម្បីពង្រីកច្រវាក់ផលិតកម្មបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងពីតំណាងក្រុមហ៊ុនខាងលើ បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើដំណើរទៅ​កាន់​ទីក្រុងហ្សិនចិន (Shenzhen) ដែលជាទីក្រុងឧស្សាហ៍កម្មបច្ចេកវិទ្យាដ៏ធំរបស់ចិន កាលព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងជំនួបនោះ លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់​ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីកច្រវាក់​ផលិតកម្ម​របស់​ខ្លួនបានយ៉ាងឆាប់រហ័ស។

លោកស្រីបន្តថា៖«សម្រេចគោលដៅទៅថ្ងៃខាងមុខ ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោង​ចក្រ​របស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ»។

ជុំវិញការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមក​វិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ បានផ្តល់ឱកាសការងារជូន​ដល់ប្រជា​ពលរដ្ឋ​ប្រមាណ ១,៤០០នាក់រួចមកហើយ។

ដោយលោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជា​សំណូមពរ និងបង្ហាញនូវបញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគ​ពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតយកឱកាសនេះផ្តួចផ្តើមគំនិតឱ្យមានរៀបចំ​ការជិះ​កង់​របស់ក្រុមហ៊ុនខាងលើ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖ ១) ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា, ២) ផ្សព្វផ្សាយអំពីវិស័យ​ទេស​ចរណ៍នៅប្រទេសកម្ពុជា ៣) ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤) រៃអង្គាសថវិកាជូនដល់មន្ទីរ​ពេទ្យ​កុមារអង្គរផងដែរ៕