ឧទ្យាននរា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដាក់ចេញវិធានការ ៥ចំណុច សម្រាប់អ្នកទៅលេងកម្សាន្ត

ជុំវិញ​ឧកញ៉ា

ឧទ្យាននរា (Norea Parkway) ដែល​ស្ថិត​​នៅ​ក្នុង​ទីក្រុង​នរា ក្រោមការ​វិនិយោគ​របស់​អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) ​​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន ៥​ចំណុច សម្រាប់​អ្នក​ទៅ​លេង​កម្សាន្ត ដើម្បី​រក្សា​ឱ្យ​បាន​នូវ​សណ្តាប់​ធ្នាប់ សុវត្ថិភាព និង​បរិយាកាស​រីករាយ​ទាំង​អស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ដាក់​ចេញ​វិធានការ​ឱ្យ​អនុវត្ត​នេះ​ គឺ​មាន​ដូចជា៖ ១)មិនអនុញ្ញាត​ឱ្យ​ចតយានជំនិះ​នៅលើផ្លូវ ឬចិញ្ចើម​ផ្លូវ​ឡើយ សូមចតយានជំនិះរបស់លោកអ្នកនៅទីតាំង​ចំណត​ដែលបានរៀបចំ, ២)មិនអនុញ្ញាតឱ្យ​ប្រើប្រាស់​ឧបករណ៍​បំពងសម្លេងលឺៗ រួមមានធុងបាស speaker ។ល។ ៣)មិនអនុញ្ញាត​ឱ្យ​ដាក់តុកៅអី ក្រាលកន្ទេល ដើម្បីទទួលទានអាហារ ឬសេពគ្រឿងស្រវឹងនៅតាមទីកន្លែងសាធារណៈឡើយ។ ៤)ចូលរួមថែរក្សាអនាម័យ ដោយវេចខ្ចប់សម្រាមផ្ទាល់ខ្លួនទៅដាក់នៅក្នុងធុងសម្រាម និង ៥)ចូលរួមថែរក្សាបរិស្ថាន ដោយមិនដើរជាន់ស្មៅ បេះបោចរុក្ខជាតិ បំផ្លាញសំភារៈ ឬទ្រព្យសម្បត្តិដែលមាននៅក្នុងឧទ្យាននរាឡើយ។

ក្រុមហ៊ុន OCIC ​​ក៏​សូម​អំពាវ​ឱ្យ​សាធារណៈជន​ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទាំងអស់គ្នាមកលេងកម្សាន្ត សប្បាយរីករាយ ស្ងប់ស្ងាត់ ស្តាប់សំឡេងវាយោ គយគន់គង្គា ហាត់ប្រាណជាមួយគ្រួសារ អានសៀវភៅ ឬលេងហ្គីតាជាមួយមិត្តភក្តិ អមដោយបរិយាកាសធម្មជាតិ ព្រមទាំងចៀសវាងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ការរំខានដល់អ្នកដទៃ និងសណ្តាប់ធ្នាប់អនាម័យនៅឧទ្យាននរា។

សូម​ជម្រាប​ថា ឧទ្យាននរា (Norea Parkway) បាន​ក្លាយ​ជា​ទីកន្លែង​លំហែ​​កាយ​ដ៏​ចាប់​អារម្មណ៍​មួយ​ ​​បន្ទាប់​ពី​ការ​តភ្ជាប់​ស្ពានខ្សែកាបកោះពេជ្រ-កោះនរា។ ស្ពាន​ថ្មី​គម្រោង​សាងសង់ដោយក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវសែ ​ចំណាយថវិកា​ប្រមាណ ៣៨​លាន​ដុល្លារ​អាមេរិក ​​​​បាន​​ធ្វើ​ពិធី​​តភ្ជាប់​ ​​ក្រោម​អធិបតីភាព​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ និង​បាន​បើកដំណើរការ​ឱ្យ​ប្រើប្រាស់ ​កាល​ព្រឹក​ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៕