ឧកញ៉ា ហេង តុលា រៀបចំប្រកួតកីឡាវាយកូនហ្គោល មានកីឡារកម្ពុជា-ថៃ ១០៨នាក់ចូលរួមដណ្ដើមយកពានរង្វាន់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង តុលា ដែលជាអ្នកវិនិយោគដ៏ច្រើនក្នុងវិស័យកីឡាមួយរូបនៅក្នុងស្រុក បានរៀបចំការប្រកួតកីឡាវាយកូនហ្គោល RSB CUP កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល RSB CUP នេះរៀបចំនិងប្រគល់ពានរង្វាន់ជ័យលាភីជូនដល់កីឡាករដែលជាប់ចំណាត់ ដោយក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក របស់ឧកញ៉ា ហេង តុលា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅទីលានវាយកូនហ្គោលRSB ស្ថិតក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានកីឡាករចំនួន ១០៨នាក់ ចូលរួម (កីឡាករខ្មែរចំនួន ៥៤នាក់ និងកីឡាករថៃមកពីខេត្តចន្ទបុរី ចំនួន ៥៤នាក់) ដើម្បីដណ្ដើមយកពានរង្វាន់។

ការប្រកួតចែកជា២ជុំ ដែលជុំទី១ ចាប់ផ្តើមនៅវេលាម៉ោង ៧:៣០នាទី ដោយមានកីឡាករ ៩ក្រុម (១ក្រុម មាន៦នាក់) ចាប់ផ្តើមប្រកួតដើម្បីស្វែងរកពិន្ទុរៀងខ្លួនៗ ហើយបញ្ចប់នៅម៉ោង ១១:៣០នាទី និងការប្រកួតជុំទី២ ចាប់ផ្តើមនៅវេលាម៉ោង ១៣:៣០នាទី ដោយមានកីឡាករ ៩ក្រុម (១ក្រុម មាន៦នាក់) ចាប់ផ្តើមប្រកួតដើម្បីស្វែងរកពិន្ទុរៀងខ្លួនៗ ហើយបញ្ចប់នៅម៉ោង ១៧:៣០នាទី។

ថ្លែងពិធីនោះលោក សុខ លូ បានអរគុណដល់ឧកញ៉ា ហេង តុលា ប្រធានក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ហើយលោកក៏គាំទ្រឱ្យមានព្រឹត្តិការណ៍បែបនេះឱ្យបានច្រើន ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកំណើនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង៕