មកដឹងអត្ថន័យនៃនិមិត្តសញ្ញា «សមាគមឧកញ៉ាកម្ពុជា» ដែលបានទទួលស្គាល់ក្នុងព្រះរាជក្រឹត្យថ្មី

ជុំវិញ​ឧកញ៉ា

អត្ថន័យនៃនិមិត្តសញ្ញាសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ ​តាមរយៈព្រះរាជក្រឹត្យលេខ នស/​រកត/​១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូចដែលមានចែងក្នុងមាត្រា២០ នៃជំពូកទី៧ និង​មានភ្ជាប់ក្នុងឧបសម្ព័ន្ធទី១៦ នៃព្រះរាជក្រឹត្យនេះ រូប​សញ្ញា​នៃ​សមាគម​ឧកញ៉ា​កម្ពុជា មានលក្ខណៈ​សម្គាល់ និង​អត្ថន័យ​ដូច​ខាង​ក្រោម៖

១. រូបក្បាលហង្ស​ពណ៌មាស​រាង​ក្បាលស្រៈ (ឧ) ពេញតួ៖ តំណាង​ឱ្យ​សភាវៈ​ល្អ​ថ្លៃថ្លា ភាព​អង់អាច​មោះមុត និង​មេត្តាធម៌។
២. ក្បាច់​ភ្ញីទេស​ពណ៌​មាស​ពត់​ពេន​ជា​រាង​ស្រៈ (ឧ)ពេញតួ៖ តំណាង​ឱ្យ​វប្បធម៌ខ្មែរ និង​ភាព​ខ្ពង់ខ្ពស់ អង់អាច។
៣. ក្បាច់​ភ្ញីទេស​ពណ៌​មាស​ដែល​មាន​រូបរាង​ដូច​ស្លឹក​ពោធិ៍​ព័ទ្ធ​ពី​ក្រៅ​ជុំវិញ​ស្រៈ (ឧ)​ពេញតួ៖ តំណាង​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង និង​កិច្ចសហការ​ក្នុង​គ្រួសារ​ឧកញ៉ា​កម្ពុជា ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​លើក​កម្ពស់​ឧត្តម​ភាព​នៃ​គោរមងារ​ឧកញ៉ា​នៅ​កម្ពុជា។
៤. ក្បាច់ត្របកឈូក​ធំពណ៌មាស​ដែល​នៅ​ចំ​កណ្តាល​ពី​ខាង​ក្រោម​នៃ​ស្រៈ (ឧ)​ពេញតួ និង​ក្បាច់​ត្របក​ឈូក​តូចៗ​ពណ៌​មាស​ជា​ច្រើន​ព័ទ្ធ​ជុំវិញ​តាម​រាង​ស្លឹកពោធិ៍៖ តំណាង​ឱ្យ​ភាព​រុងរឿង និង​ភាព​សុខដុមរមនា​នៃ​គ្រួសារ​ឧកញ៉ាកម្ពុជា។
៥. ខ្សែបូរពណ៌មាស​ទ្រពីក្រោម​រូប​ស្លឹក​ពោធិ៍​មាន​ចារឹក​អក្ស​ខ្មែរ​ពណ៌មាស សមាគមឧកញ៉ាកម្ពុជា៖ តំណាង​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​យ៉ាង​ទូលំទូលាយ​ពី​សមាគម​ឧកញ៉ាកម្ពុជា​ ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ។
៦. ក្បាច់ភ្ញីទេសពណ៌មាស​ទ្រពីក្រោមខ្សែបូរ៖ តំណាង​ឱ្យ​សំឡេងរួម សកម្មភាព​សប្បុរសធម៌ រួម​នឹង​ការ​ជួយ​លើក​តម្កើង​គុណតម្លៃ​ដ៏​ឧត្តុង្គ​ឧត្តម​នៃ​គោរមងារ​ឧកញ៉ា​នៅ​កម្ពុជា។

សូមបញ្ជាក់ថា រូបសញ្ញា «សមាគម​ឧកញ៉ា​កម្ពុជា» ខាងលើ​នេះ​ នឹងត្រូវប្រើប្រាស់​សម្រាប់ជាកន្លាស់អាវ ក៏ដូចជា​សញ្ញាសម្គាល់លើ កអាវនៅលើឯកសណ្ឋានផ្លូវការ​ នៃគោរមងារ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ផងដែរ។ សមាគម​ឧកញ៉ា​កម្ពុជា ​គឺជា​ស្ថាប័ន​ស្របច្បាប់​តែ​មួយ​គត់ ដែល​តំណាង​ឱ្យ​គោរមវន្ត​មាន​គោរមងារ​​ឧកញ៉ា និង​មាន​សិទ្ធិ​ពេញ​លេញ​លើ​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​បញ្ជី​ឈ្មោះ ក៏​ដូចជា​ការ​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ សម្រាប់​គោរមវន្ត​ទាំង​អស់ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា៕