អ្នកឧកញ៉ា តាំង ហ្គិចលៀង៖ គ្មានជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះទេ

ជុំវិញ​ឧកញ៉ា

គ្មានការជួបណាដែលមិនបែក ហើយក៏គ្មានអ្នកជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះដែរ។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា តាំង ហ្គិចលៀង នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD និង​ជា​ប្រធាន​ក្លិប​ស្ត្រី​កម្ពុជា បានយល់ឃើញថា អ្នកជំនួញភាគច្រើនតែជួបនៅបញ្ហា ព្រមទាំងវិបត្តិមិនថាតិចឬច្រើនទេ ហើយក្នុងនាមយើងជាសហគ្រិនត្រូវគិតថា គ្មានអ្វីសប្បាយចិត្ត និង រំភើបជាងការដែលបានបង្កើតអ្វីមួយដែលថ្មីនោះទេ ដូចជាបង្កើតគ្រួសារថ្មី បង្កើតក្រុមហ៊ុនថ្មី បង្កើតកូនជាដើម។

អ្នកឧកញ៉ា បន្តថា គ្មានអ្វីដែលលំបាកជាងការថែរក្សារបស់ទាំងនោះឱ្យមានគុណភាពល្អ មានស្ថេរភាពនោះទេ។ហើយវារឹតតែលំបាកទៅទៀតនៅពេលដែលអ្នកសំរេចចិត្តបោះបង់ រឺ ចាកចេញពីរបស់ជាទីស្រឡាញ់របស់អ្នក។

ជាមួយនឹងវិបត្តិដែលសហគ្រិនតែងតែជួបប្រទះ ស្ថាបនិកឆ្នើមរបស់ H&L Groupបានលើកទឹកចិត្តថា ​«គ្មានទេការជួបណាដែលមិនដែលបែក ហើយវាក៏គ្មានអ្នកជោគជ័យណាដែលមិនដែលបរាជ័យនោះដែរ។ការបរាជ័យ គ្រាន់តែជាកាំជណ្តើរមួយកាំដែលអាចនាំអោយយើងទៅកាន់ទីដែលកាន់តែខ្ពស់ និងអាចរីកចម្រើនកាន់តែខ្លាំងតែប៉ុណ្ណោះ»។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «កុំបាក់ទឹកចិត្ត កុំស្តាយក្រោយនូវអ្វីដែលបានកន្លងហួស ពេលខ្លះ លែងដៃគឺជាជំរើសល្អដែរ ដើម្បីទុកដៃទាំងពីរនោះទៅចាប់អ្វីដែលប្រសើរជាងមុន បានច្រើនជាងមុន ។ ការបរាជ័យលើកនេះ មិនបង្ហាញថា អ្នកអន់ទេ តែផ្ទុយទៅវិញ ការគ្មានជំនឿចិត្ត និង ការបាក់ទឹកចិត្តទៅវិញទេដែលធ្វើឱ្យអ្នកពិបាកនឹងរកគោលជំហរក្នុងការបន្តដំណើរទៅមុខ»។

ជាមួយនឹងប្រធានបទ ក្រោកឈរ ដែលអ្នកឧកញ៉ា បានចែករំលែកនាពេលនេះ អ្នកឧកញ៉ាថា ដួលប៉ុន្មានដងមិនសំខាន់ឱ្យតែអ្នកនៅតែមានកំលាំងចិត្ត នោះអ្នកនឹងអាចក្រោកឈរបាន គ្រប់ពេលវេលា។ចូរប្រាប់ខ្លួនឯង កុំដួលដោយសារកំហុសដដែលៗឱ្យសោះណា សូមរឹងមាំដើម្បីមនុស្ស និង អ្វីដែលអ្នកស្រឡាញ់ ។ កំហុសដែលអាចធ្វើឱ្យអ្នកដួលបាននោះគឺ ការហក់លោត ,ចក្ខុវិស័យខ្លីៗ , ប្រថុយប្រថាន , ការធ្វេសប្រហែស , ល្អមើលមិនល្អស៊ីជាដើម។ ត្រូវអត់អោនទោសឱ្យអ្នកដទៃ និង អត់អោនទោសឱ្យខ្លួនឯង អនុញ្ញាតឱ្យខ្លួនឯង ទទួលយកបទពិសោធថ្មីៗនៃរឿងដែលកើតឡើងនោះអ្នកនឹងមានកម្លាំងក្រោកឈរសម្រាប់ជីវិតអ្នកជាក់ជាពុំខាន៕

អត្ថបទ៖ សុកធា