ស្ត្រីបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងពង្រីកសក្តានុពល និងទេពកោសល្យរបស់ខ្លួនស្ទើរគ្រប់វិស័យទាំងក្នុងអាជីពការងារ និងមុខជំនួញ ខណៈកាលដើមឡើយសុភាសិតដូនតាខ្មែរដែលបានលើកឡើងថា «ស្ត្រីបង្វិល ជើងក្រានមិនជុំ» វិញអាចនិយាយបានថាត្រឹមត្រូវចំពោះសម័យមុន ប៉ុន្តែមិនអាចនិយាយថាត្រឹមត្រូវចំពោះសម័យនេះបានទេ។
តាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានស្ត្រីកំពុងដឹកនាំអាជីវកម្មជាច្រើនរូបកំពុងទទួលបានជោគជ័យ ក្លាយជាសេដ្ឋីនី ដែលគេនិយមហៅថា «ឧកញ៉ា»។ ក្រុមការីនិពន្ធនៃគេហទំព័រឧកញ៉ាញូស៍ បានធ្វើការស្រាវជ្រាវរកឃើញនូវសេដ្ឋីនីចំនួន ៥រូប ជាស្តេចក្រាញ់ច្រើនឆ្នាំមកហើយក្នុងវិស័យជំនួញ។
១/ អ្នកឧកញ៉ា ជឹង សុភាព ហៅយាយភូ
ជាសហម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Pheapimex group ដែលជាពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលរឹងមាំ ខណៈកូនៗរបស់អ្នកស្រីកំពុងក្តោបក្តាប់ជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ។ កូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ គឺអ្នកឧកញ៉ាជឹង សុគន្ធាវី ដែលជាភរិយារបស់ឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ ត្រូវជាកូនប្រុសបង្កើតប្រពន្ធមុនរបស់អ្នកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា មុនពេលលោកបានក្លាយជាស្វាមីលោកស្រី ជឹង សុភាព។
ទី/ ឧកញ៉ា លឹម ឈីវហូរ
ម្ចាស់ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែលចូលនាំផលិតផលស្រាបៀរថ្លៃៗលក់នៅកម្ពុជា។ អ្នកស្រីពង្រីកមុខរបរជាច្រើនដូចជា៖ ខាងសណ្ឋាគារ អចលនទ្រព្យ និងតំបន់សេដ្ឋកិច្ចពិសេស (special economic zone) នៅជិតក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ជាប់ព្រំដែនយៀកណាម មានបាវិត ខេត្តស្វាយរៀង ជាដើម។ ក្រៅពីក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រងក្រុមហ៊ុនសំណង់ LCH Construction Co. ជាមួយនឹងដៃគូវិនិយោគចំនួន៣រូបផ្សេងទៀត។
៣/ ឧកញ៉ា សៀង ចាន់ហេង
អ្នកស្រីជានាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គ្រុប ដែលវិនិយោគវិស័យ កសិកម្មឧស្សាហ៍កម្ម គ្រឿងចក្រ សំណង់ អចលនទ្រព្យ រោងចក្រសហគ្រាស ទេសចរណ៍ និងផ្សារទំនើបជាដើម។ អ្នកស្រី សៀង ចាន់ហេង បច្ចុប្បន្នកំពុងបោះទុនរាប់លានដុល្លារវិនិយោគលើឧទ្យាន រាជនីលង្វែក ស្ថិតនៅក្នុងស្រុក ពញឭ ខេត្តកណ្ដាល។ នៅក្នុងជីវិតអ្នករករស៊ីកន្លងមកអ្នកស្រីហាក់ជួបរងនូវរឿងរ៉ាវក្តីក្តាំជាច្រើនករណី ជាពិេសសក្នុងវិស័យអចលនទ្រព្យតែម្តង។
៤/ អ្នកឧកញ៉ា អ៊ាន អេឡែន
អ្នកស្រី អ៊ាន អេឡែន ប្រធាននាយកប្រតិបត្តិនៃសណ្ឋាគារ SEN HAN HOTEL និងជាម្ចាស់គម្រោងតាមោក ស៊ីធីលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរី។ អ្នកស្រីជាភរិយារបស់លោក យិន សារ៉ាន់ អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ អ្នកស្រីក៏មនុស្សមានឥទ្ធិពលមួយរូបក្នុងសមាគមឧកញ៉ាកម្ពុជា ដែលកំពុងកាន់តួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលផងដែរ។ កន្លងទៅអ្នកស្រីធ្លាប់ទទួលបានផ្ទៃដីបឹងតាមោក ដើម្បីអភិវឌ្ឍន៍គម្រោងមួយឈ្មោះថា តាមោក ស៊ីធីលែន (Tamork City Land) ពីរាជរដ្ឋាភិបាលកម្ពុជា។
៥/ អ្នកឧកញ៉ា ហុង ស៊ួន
អ្នកស្រីជាអគ្គនាយិកាក្រុមហ៊ុន KT PACIFIC GROUP LIMITED ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ និងក្រុមហ៊ុន BATTAMBANG CONCH CEMENT COMPANY ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅកម្ពុជា។ ក្រៅពីនេះអ្នកស្រីក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជាសណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេស។ អ្នកស្រីបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ហើយស្វាមីរបស់អ្នកស្រីគឺអ្នកឧកញ៉ាចាស់វស្សា ស៊ីវ គង់ទ្រីវ៕