រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាបេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា កន្លងទៅ បានប្រកាសថា កូនប្រុសច្បងរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo នឹងឈរឈ្មោះ ជាគូប្រជែងដ៏ធំបំផុតមួយ សម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ការជ្រើសរើសយកលោក Gibran Rakabuming Raka ដែលបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ ជាដៃគូប្រជែង អាចជាការជំរុញដ៏ធំមួយ សម្រាប់យុទ្ធនាការស្វែងរកសន្លឹងឆ្នោតរបស់ លោក Prabowo ដោយសារតែប្រជាប្រិយភាពរបស់លោក Widodo បើទោះបីជាមានការរិះគន់ជាច្រើន ជុំវិញការសម្រេចចិត្តរបស់តុលាការ ក្នុងការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីអាចឱ្យលោក Gibran ឈរឈ្មោះបានក៏ដោយ។
បន្ទាប់ពីកិច្ចប្រជុំគណបក្សរបស់លោក និងគណបក្សដែលជាដៃគូចម្រុះ លោក Prabowo បានប្រាប់សន្និសីទសារព័ត៌មានមួយថា មានកិច្ចព្រមព្រៀងពិសេសមួយ ដើម្បីអាចតែងតាំងលោកជាបេក្ខភាពប្រធានាធិបតី និងលោក Gibran Rakabuming Raka ជាបេក្ខភាពអនុប្រធានាធិបតី។
ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី ជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតទីបីរបស់ពិភពលោក ដែលនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធីបតី និងសភា ក្នុងពេលដំណាលគ្នា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ដោយមានប្រជាជនជិត ២០៥ លាននាក់ ក្នុងចំណោមប្រជាជនសរុប ២៧០ លាននាក់ មានសិទ្ធិបោះឆ្នោត៕