ប្រមុខការទូតចិន គ្រោងបំពេញទស្សនកិច្ចទៅអាមេរិកនាសប្ដាហ៍នេះ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រមុខការទូតចិន លោក Wang Yi នឹងធ្វើទស្សនកិច្ចយ៉ាងកម្រ ទៅកាន់ទីក្រុងវ៉ាស៊ីងតោននាសប្ដាហ៍នេះ ខណៈវាអាចជាការបើក​ផ្លូវ សម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការធ្វើដំណើរទៅកាន់មហាអំណាចលោកខាងលិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីខកខានជិត ៥ឆ្នាំ ប្រមុខការទូតចិន នឹងចំណាយពេលពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ជជែកទល់មុខជាមួយភាគីអាមេរិក ជុំវិញបញ្ហា​ការធ្វើពាណិជ្ជកម្ម សង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហាកោះតៃវ៉ាន់ និងសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូង។

“ពួកយើងជឿថា ការជជែកទល់មុខគ្នា គឺជាមធ្យោបាយល្អបំផុត ក្នុងការរកដំណោះស្រាយ​សម្រាប់បញ្ហាដែលកំពុងកើតមាន ជៀសវៀងការយល់ច្រលំ និងខ្វែងគំនិតគ្នា ខណៈវាក៏នឹង​ជួយឲ្យប្រទេសទាំង ២ អាចធ្វើការជាមួយគ្នាផងដែរ”។ នេះបើតាមសម្ដីរបស់មន្ត្រីជាន់ខ្ពស់​អាមេរិកមួយរូបបាននិយាយ។

សូមជម្រាបដែរថា ប៉ុន្មានខែចុងក្រោយនេះ ទាំងអាមេរិក និងចិន ហាក់ព្យាយាមមិន​បង្កជម្លោះ ខណៈកាលពីខែមុន​មេដឹកនាំសភាភាគច្រើន លោក Chuck Schumer បានជួបជជែកជាមួយ​មេដឹកនាំកំពូលចិន ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាមេរិក និងចិន នឹងកំណត់ជោគវាសនា របស់មនុស្សជាតិនាពេលអនាគត៕