កូនប្រុសច្បងលោក Widodo មានឈាមជ័រជាអ្នករកស៊ី មុនក្លាយជាបេក្ខភាពប្រធានាធិបតី

អន្តរជាតិ

លោក Gibran Rakabuming Raka គឺជាអ្នកនយោបាយ និងអ្នកជំនួញដ៏ល្បីល្បាញម្នាក់របស់ប្រទេសឥណ្ឌូនេស៊ី ខណ:បច្ចុប្បន្នកំពុងបម្រើការជាអភិបាលក្រុង Surakarta ក្នុងខេត្ត Central Java ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Gibran ជាកូនប្រុសច្បងរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo ហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៤ ខាងមុខនេះ លោកក៏កំពុងឈរឈ្មោះជាបេក្ខភាពដ៏សំខាន់មួយរូប ផងដែរ។

លោក Gibran បានកើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៨៧ នៅទីក្រុង Surakarta ខេត្ត Central Java ដោយលោកបានបញ្ចប់ការសិក្សារយៈពេលប្រាំបួនឆ្នាំ នៅស្រុកកំណើតផ្ទាល់ មុនពេលផ្លាស់ទៅកាន់់ប្រទេសសិង្ហបុរី ដែលជាកន្លែងលោកបន្តការសិក្សានៅសាលាអនុវិទ្យាល័យ Orchid Park ។ នៅទីនោះ ក៏ទទួលបានបរិញ្ញាបត្រពីវិទ្យាស្ថានអភិវឌ្ឍការគ្រប់គ្រងនៃប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ ២០០៧ ផងដែរ។

ក្រោយបញ្ចប់ការសិក្សានិងបានវិលត្រលប់មកកាន់ប្រទេសឥណ្ឌូនេស៊ីវិញ នៅឆ្នាំ ២០១០ Gibran បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Chilli Pari ដែលជាអាជីវកម្មផ្តោតទៅលើម្ហូបអាហារ ស្ថិតនៅក្នុងទីក្រុង Surakarta ។

បើទោះបីជាមានការជំទាស់ពីឪពុក លោក Widodo ចំពោះការបើកអាជីវកម្មនេះក៏ដោយ តែ Gibran នៅតែបន្ត​ពុះពារ​ រហូតដល់ក្រុមហ៊ុនខ្លួនទទួលបានការរីកចម្រើនខ្លាំង និងចាប់ផ្តើមបន្តផ្តោតទៅលើការផ្តល់សេវាកម្មសម្រាប់ពិធីជប់លៀងអាពាហ៍ពិពាហ៍។

បន្ទាប់មក Gibran បានចាប់ផ្តើមបើកអាជីវកម្មថ្មីមួយទៀត ឈ្មោះថា Markobar ដែលជាខ្សែសង្វាក់ហាងលក់នំ Martabak ក្នុងឆ្នាំ ២០១៥។ ហើយអាជីវកម្មនេះបានបន្តរីកចម្រើនយ៉ាងខ្លាំង រហូតពង្រីកបានដល់ទៅ ២៩ ទីតាំង ក្នុងប្រទេសឥណ្ឌូនេស៊ី គិតត្រឹមឆ្នាំ ២០១៧។

ងាកមកមើលផ្នែកនយោបាយវិញ នៅក្នុងខែកក្កដា ឆ្នាំ ២០១៩ លោក Gibran ត្រូវបានគេដាក់ឈ្មោះជាបេក្ខភាពដ៏សំខាន់ម្នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង Surakarta នៅក្នុងឆ្នាំ ២០២០ ដែលជាមុខតំណែងចាស់របស់ឪពុកខ្លួន មុនពេលលោកក្លាយជាអភិបាលទីក្រុង Jakarta និងក្រោយមកឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ី។

រហូតដល់ខែកញ្ញា Gibran បានចុះឈ្មោះចូលរួមជាសមាជិកនៃបក្ស PDI-P ដែលជាគណបក្សនយោបាយតែមួយទៅនឹងឪពុករបស់ខ្លួន ដើម្បីឈរឈ្មោះពេញលេញ នៅក្នុងការបោះឆ្នោតជាអភិបាលក្រុង។ ហើយបន្ទាប់មកគណបក្សនេះ បានអនុម័តជាផ្លូវការ ដើម្បីតែងតាំង Gibran ជាបេក្ខជនអភិបាលក្រុងរបស់ពួកគេ នៅក្នុងខែកក្កដា ឆ្នាំ ២០២០ ។

ហើយរហូតដល់ថ្ងៃបោះឆ្នោត Gibran បានយកឈ្នះក្នុងការឡើងកាន់តំណែងជាអភិបាលក្រុង Surakarta ដោយទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី រហូតដល់ ៨៦,៥៣% នៃសម្លេងឆ្នោតសរុបប្រមាណ ២២៥ ៤៥១ សម្លេងឯណោះ៕