កាលពីថ្ងៃទី២៣ ខែតុលា អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បាននិយាយថា ទង្វើខ្លះរបស់អ៊ីស្រាអែល ដែលបានធ្វើទៅលើប្រជាជននៅតំបន់ Gaza អាចនឹងផ្ដល់ផលតបស្នងអាក្រក់មកលើអ៊ីស្រាអែល នាពេលអនាគត។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា លោក Obama បានព្រមានអ៊ីស្រាអែលថា សកម្មភាពខ្លះដូចជា ការកាត់ផ្ដាច់ការផ្គត់ផ្គង់អាហារ និងទឹក សម្រាប់ប្រជាជននៅតំបន់ Gaza នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានគំនុំតជំនាន់ ហើយការគាំទ្រពីសមាគមអន្តរជាតិ ចំពោះអ៊ីស្រាអែល នឹងមានការថយចុះដូចគ្នា។
“រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តផ្ដាច់អាហារ ទឹក និងអគ្គិសនី សម្រាប់ពលរដ្ឋនៅតំបន់ Gaza ដែលវាបង្កជាហានិភ័យ មិនមែនត្រឹមតែវិបត្តិមនុស្សធម៌ឡើយ ប៉ុន្តែវានឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានគំនុំតជំនាន់ សមាគមអន្តរជាតិចាប់ផ្ដើមកាត់បន្ថយជំនួយដល់អ៊ីស្រាអែល ហើយកាន់តែពិបាកនោះគឺ សង្គ្រាមនឹងអូសបន្លាយពេលកាន់តែយូរ”។ នេះបើតាមសម្ដីរបស់អតីតប្រធានាធិបតីអាមេរិកបាននិយាយ។
សូមជម្រាបដែរថា លោក Obama តែងតែគាំទ្រដល់ការការពារជាតិរបស់អ៊ីស្រាអែល ប៉ុន្តែលោកមិនគាំទ្រឡើយ នៅពេលដែលអ៊ីស្រាអែលលេងធម៌ក្ដៅ បើកការវាយប្រហារ និងកាត់ផ្ដាច់ស្បៀងអាហារ សម្រាប់ប្រជាជនស្លូតត្រង់នៅតំបន់ Gaza និងអំពាវនាវឲ្យមានដំណោះស្រាយឲ្យបានឆាប់រហ័ស ជុំវិញបញ្ហាមួយនេះ៕