ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបប្រាប់ពីមុខរបរ ៥ប្រភេទ មានឱកាសបានប្រាក់ចំណេញច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បាន​លើក​ឡើង​ថា​ នៅក្នុងការរកស៊ី គឺ​មានដំណាក់កាល​កកើត រីកចម្រើន​ នៅទ្រឹង និង​ការ​ធ្លាក់ចុះ ដូច្នេះ​យើង​ត្រូវ​យល់​ពី​​បរិបទជីវិត​នៃ​អាជីវកម្ម។ អ្នកដែលជោគជ័យ​ក្នុង​អាជីវកម្ម​មួយ​ខ្លាំង​ហើយ គឺ​​ត្រូវ​​ធ្វើ​ពិពិធកម្ម​​ទៅ​រក​អាជីវកម្ម​ណា​ថ្មី​ទៀត ដែល​អាច​រក​ផល​ចំណេញ​បាន​កាន់​តែ​ច្រើន។ យ៉ាងណាមិញ លោកឧកញ៉ា សូមណែនាំ​ពី​មុខរបរ​ចំនួន ៥ប្រភេទ ដែល​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នកមាន ឬ​ទទួល​បាន​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ការអភិវឌ្ឍ​អចលនទ្រព្យ៖ នៅសង្គម​យើង​សព្វថ្ងៃ អ្នកដែល​មាន​លុយ​ច្រើន ភាគ​ច្រើន​លើស​ពី ៧០% ​គឺ​រកស៊ី​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ដូចជាការ​​ទិញ-លក់​អចលនទ្រព្យ​ ការ​សាងសង់​បុរី ឬ​ខុនដូ ព្រោះ​មុខរបរ​នេះ​ទាក់ទង​នឹង​លុយ​ច្រើន។

២. វិនិយោគលើ​​ក្រុមហ៊ុន​ណា​ដែល​​ទើប​បង្កើត​ថ្មី​និង​រីកចម្រើន៖ នៅ​ពេល​យើង​មាន​លុយ យើង​វិនិយោគ ឬ​ទិញ​ភាគហ៊ុន​​ពី​​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​ និង​គិត​ថា​ចំណេញ គឺ​យើង​នឹង​បាន​លុយ​ចំណេញ​មក​វិញ​ដែរ។

៣. ការវិនិយោគ​លើ​អគ្គីសនី៖ អគ្គីសនី​ដែល​យើង​ប្រើប្រាស់​បច្ចុប្បន្ន​ គឺ​អគ្គីសនី​របស់​រដ្ឋ (EDC) ប៉ុន្តែ​សួរ​ថា​ គ្រប់​គ្រាន់​តាម​​តម្រូវ​ការ​ដែរ​ឬ​ទេ? មិន​ទាន់​គ្រប់គ្រាន់​ទេ ដូច្នេះ​បើ​យើង​អាច​វិនិយោគ​លើ​វិស័យ​វារីអគ្គីសនី ឬ​វិស័យ​ថាមពល គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​រក​បាន​ផល​ចំណេញ​ច្រើន។

៤. វិយោគលើ​ទឹក៖ នរណា​ក៏​ត្រូវការ​ប្រើប្រាស់​ទឹកដែរ។ នៅ​កម្ពុជា​យើង​ សាំង​មាន​តម្លៃ​ថ្លៃ​ជាង​ទឹក ប៉ុន្តែ​នៅ​​ប្រទេស​ខ្លះ​ ទឹក​ថ្លៃ​ជាង​សាំង ដូចជា ទឹក​បរិសុទ្ធ​ Evian ​​​របស់​បារាំង គឺ​មាន​តម្លៃ​​ថ្លៃ​ជាងសាំង។

៥. ការ​វិនិយោគ​លើ​ផ្លូវ៖ នៅ​ប្រទេស​ជា​ច្រើន​ ផ្លូវ​គេ​ឱ្យ​​ក្រុមហ៊ុន​ឯកជនជា​អ្នក​​អភិវឌ្ឍ​ តាម​រយៈ​គោលការណ៍​ BOT ឬ​កុងត្រា​រយៈពេល​វែង ៣០ឆ្នាំ ឬ​៥០ឆ្នាំ ដើម្បី​ឱ្យ​ក្រុមហ៊ុន​អាច​ប្រមូល​ចំណូល​បាន​វិញ។

ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​ប្រធាន​ស្ថាបនិក KW Cambodia​ បាន​បន្ថែម​ទៀត​​ថា ៣ផ្នែក​ដែល​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល (ផ្លូវ ទឹក ភ្លើង) ជា​វិស័យ​រក​លុយ​បាន​ច្រើន ហើយ​៣ផ្នែក​នេះ លោកឧកញ៉ា សូម​លើក​ទឹកចិត្ត​និង​ស្នើសុំ​​ឱ្យ​ជនជាតិ​ខ្មែរ ឬ​ក្រុមហ៊ុន​ខ្មែរ​ជា​អ្នក​អភិវឌ្ឍន៍ ព្រោះ​៣ផ្នែក​នេះ​ទាក់ទង​នឹង​ជីវភាព​របស់​ប្រជាជន។ ម្យ៉ាង​ទៀត​ នៅ​ពេល​​អ្នកមាន​ជនជាតិ​​ខ្មែរ​ ​​អាច​ទទួល​បាន​លុយ​​ចំណេញ គឺ​លុយ​ស្ថិត​​ក្នុង​ប្រទេស​ខ្លួន​ឯង ​​​​ដោយ​មិន​យក​ប្រាក់ចំណេញ​ចេញទៅ​ក្រៅប្រទេស៕