អនុប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានធ្វើការព្រមានកាលពីថ្ងៃអង្គារ ទី២៤ ខែតុលាថា ក្រុមហ៊ុនរបស់តៃវ៉ាន់ អាចនឹងឈប់បន្តឈរជើងនៅក្នុងទឹកដីប្រទេសចិន បន្ទាប់ពីអាជ្ញាធរចិន បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Foxconn ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់ទូរស័ព្ទ iPhone ដ៏ធំបំផុតសម្រាប់ Apple ថ្មីៗនេះ បានស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ទៅលើការយកពន្ធ និងការប្រើប្រាស់ដីធ្លី នៅក្នុងខេត្តមួយចំនួនរបស់ចិន ។
ជុំវិញការស៊ើបអង្កេតនេះ បានកើតឡើងនៅពេលដែលតៃវ៉ាន់ នៅតែប្រកាន់ជំហរថាជាទឹកដីឯករាជ្យ ហើយកំពុងរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ។
យ៉ាងណាមិញ អនុប្រធានាធិបតី លោក Lai Ching-te ដែលកំពុងជាបេក្ខភាពនាំមុខគេ សម្រាប់ការបោះឆ្នោតនៅក្នុងតំណែងប្រធានាធិបតីតៃវ៉ាន់ ផងដែរនោះ បានធ្វើការព្រមានថា ក្រុមហ៊ុនតៃវ៉ាន់ អាចនឹងពិចារណាដកខ្លួនចេញពីចិនដីគោក ប្រសិនបើពួកគេ នៅតែមានមានអារម្មណ៍ថារងសម្ពាធដោយអយុត្តិធម៌ ។
លោក Lai បានបន្ថែមទៀតថា ៖ “ប្រសិនបើអាជា្ញធរចិន នៅតែបង្កើនការប្រុងប្រយ័ត្ន និងផ្តល់ភាពភ័យខ្លាច រហូតធ្វើឱ្យបាត់បង់ទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ នៅក្នុងប្រទេសចិន នោះក្រុមហ៊ុនតៃវ៉ាន់ អាចនឹងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេបន្តិចម្តងៗ ទៅកាន់ប្រទេសផ្សេងទៀតជំនួសវិញ” ។
លោក Lai ក៏បានសង្កត់ធ្ងន់ទៀតថា វានឹងក្លាយជាការខាតបង់ដ៏ធំសម្រាប់ប្រទេសចិន។ ហើយបានជំរុញឱ្យរដ្ឋាភិបាលចិន ផ្តល់តម្លៃដល់អាជីវកម្មរបស់តៃវ៉ាន់ និងកុំដាក់សម្ពាធលើពួកគេ ជាពិសេសនៅមុនពេលមានការបោះឆ្នោតត្រូវធ្វើឡើង៕