ជប៉ុន ផ្តល់ឥណទានឥតសំណងដល់កម្ពុជាជាង៩លានដុល្លារ ដើម្បីគាំទ្រការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៩,៧លានដុល្លារ ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស នៅថ្ងៃទី២៦ តុលានេះ បានឱ្យដឹងថា គោលបំណងនៃគម្រោងផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

បន្ថែមពីនោះ ក្រសួងការបរទេស ចាត់ទុកកាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនង ការទូត៕