លោក ស៊ុន ចាន់ថុល៖ មនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសិទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្រោមអធិបតីភាពលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងមានការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសផ្សេងៗទៀត កាលពីថ្ងៃអង្គារ៍ ទី២៤ ខែតុលាម្សិលមិញ នៅរដ្ឋធានីប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសិទអន្តរជាតិនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចូលរួមថ្លែងសន្ទរកថាដោយបានបង្ហាញអំពីលទ្ធផលជាវិជ្ជមានសំខាន់ៗ ដែលកើតមានឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដោយឈរលើគោលការណ៍ទាំង៤ គឺមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Xi Jinping កាលពី ១០ឆ្នាំមុន។

លោកថ្លែងថា លទ្ធផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានពីគោលការណ៍ទាំងនេះរួមមាន ការរក្សាបាននូវស្ថិរភាពក្នុងតំបន់ ការផ្តល់ផលប្រយោជន៍ជារួមលើកិច្ចការអភិវឌ្ឍនៅក្នុងតំបន់ ជាក់ស្តែងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានផ្តល់នូវការតភ្ជាប់ កំណើនសេដ្ឋកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សមិទ្ធផលដែលកើតចេញពីកម្មវិធីនេះមានជាអាទិ៍ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងភ្នំពេញទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតភ្ជាប់ទៅព្រំប្រទល់វៀតណាម ព្រមទាំងផ្លូវដទៃផ្សេងៗជាច្រើនទៀតប្រមាណ ៣០០០គីឡូម៉ែត្រ។

លោកបន្ថែមថា កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន មានសក្ខីភាពរួចជាស្រេចដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តល់ការសហការ និងយោគយល់ជាច្រើនដល់ប្រទេសនៅក្នុងតំបន់។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើទស្សនទានដែលមនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ។ ឆ្លុះបញ្ចាំងលើទស្សនទាននេះ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយជំរុញឱ្យកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ អាចពង្រីកខ្លួនបានកាន់តែធំជាងមុខ ខណៈពេលដែលសមុទ្រនៃភាពក្រីក្រត្រូវបានកាត់បន្ថយ។

ទន្ទឹមនឹងនេះលោកក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការរួមគ្នាបន្តទៅមុខទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល៕