ណែនាំឱ្យស្គាល់អ្នកឧកញ៉ា ឧកញ៉ា ១០រូប ស្ថិតក្នុងសមាសភាពក្រុមការងារផ្នែកស្រូវ-អង្ករ

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​​​ស្តីពីការ​ទទួលស្គាល់​ជាផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​ទាំង​១៤ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​សេចក្តីសម្រេច​នេះ​ ក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺ​មាន​សមាសភាព​ចំនួន ៣៩​រូប ដោយ​ក្នុង​នោះ​មាន​ អ្នកឧកញ៉ា និង​ឧកញ៉ា ចំនួន ១០​រូប រួមមាន​ដូចជា៖ ឧកញ៉ា ចាន់ សុឃាំង សហប្រធាន, អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកឧកញ៉ា ភួ វាសនា ឧកញ៉ា សុង សារ៉ន ឧកញ៉ា គឹម សាវុធ (អនុប្រធាន) ឧកញ៉ា យិន វែងអាន ឧកញ៉ា គឹម ប៊ុនសាន្ត ឧកញ៉ា ស៊ិន ចន្ធី ឧកញ៉ា ម៉ែន សុភក្តិ និង​ឧកញ៉ា ហង្ស សុគន្ធ ជា​សមាជិក។ ក្រៅពី​នេះ​ មាន​លោក-លោកស្រី ​ព្រម​ទាំង​​តំណាង​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា តំណាង​សមាគម​ភស្តុភារកម្ម​កម្ពុជា តំណាង​សមាគមដឹកជញ្ជូន និង​តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា។

ក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដែល​មានលោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ឧកញ៉ា ចាន់ សុឃាំង ជា​សហប្រធាន បាន​រៀបចំ​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ​ដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម​ដែលពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។

បញ្ហាប្រឈម​ពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករ ដែលលើកឡើង​ក្នុង​កិច្ចប្រជុំ​ មានដូចជា៖ ១.គ្រាប់ពូជ seeds), ២.ពូជស្រូវអាទិភាព, ៣.ធាតុចូលកសិកម្ម (ជីកសិកម្ម), ៤.ធាតុចូលកសិកម្ម (ថ្នាំពលកសិកម្ម), ៥.ការគ្រប់​គ្រងរបស់សហគមន៍កសិកម្ម, ៦.ឥណទានសហគមន៍កសិកម្ម, ៧.ការផ្គត់ផ្គង់ថាមពល ជាដើម។

សូម​ជម្រាប​ថា បញ្ហាទាំង​អស់​ខាង​លើ​នេះ ត្រូវបានអង្គប្រជុំ​ពិភាក្សា និងសម្រេចបានមួយចំនួន រីឯមួយ​ចំនួន​ទៀតត្រូវបានរក្សាទុក ​ដើម្បីធ្វើរបាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដើម្បីនឹងត្រៀមសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោម​អធិបភាព​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ៕