ប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានអនុម័តការផ្តល់ជូនទិដ្ឋាការទេសចរណ៍ដោយឥតគិតថ្លៃ ដល់ភ្ញៀវទេសចរមកពីប្រទេសចំនួន ៧ ដើម្បីជំរុញវិស័យទេសចរណ៍ និងជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ភ្ញៀវទេសចរមកពីប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងត្រូវបានផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមកម្មវិធីសាកល្បង។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា គ្រោងការណ៍នេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ប្រទេសស្រីលង្កា ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ និងដើម្បីឈានដល់គោលដៅនៃការមកដល់នៃទេសចរបរទេសចំនួន ៥លាននាក់ នៅឆ្នាំ ២០២៦ ។
ប្រទេសដែលមានប្រជាជនប្រហែល ២២លាននាក់ ដែលល្បីល្បាញដោយសារឆ្នេរខ្សាច់ ប្រាសាទបុរាណ និងតែក្រអូប បានឃើញឧស្សាហកម្មទេសចរណ៍របស់ខ្លួន បានដួលរលំដោយសារការរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩ កាលពីពេលកន្លងទៅ ក៏ដូចជាការជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរកាលពីឆ្នាំមុន។
តែទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមកមើលឧស្សាហកម្មទេសចរណ៍នៅឆ្នាំ ២០២៣ វិញ ហាក់មានការផ្លាស់ប្តូរ ដោយក្នុងអំឡុងខែមករា មកទល់នឹងខែកញ្ញា ស្រីលង្កាបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១លាននាក់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៩ ខណៈវាត្រូវបានគេរំពឹងទុកថា នៅពេញមួយឆ្នាំនេះ នឹងអាចទទួលស្វាគមន៍នៃការមកដល់របស់ទេសចរបរទេសប្រមាណ ១,៥លាននាក់ផងដែរ។
ជម្រាបផងថា ប្រទេសស្រីលង្ការកចំណូលបានប្រមាណ ១,៣ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសមួយនេះអាចរកចំណូលបាន ៨៣៣ លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមប្រភពពីធនាគារកណ្តាលបានគូសបញ្ជាក់៕