ការនាំចេញរបស់ប្រទេសថៃ នៅតែបន្តមានការកើនឡើងក្នុងរយ:ពេលពីរខែជាប់ៗគ្នា គិតត្រឹមខែកញ្ញា នៅពេលដែលប្រាក់ចំណូលបានកើនឡើង ២,១% ដល់ចំនួន ៩២០,៣ពាន់លានបាត (២៥,៤៨ពាន់លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញលទ្ធផលវិជ្ជមាននេះ គឺត្រូវបានជំរុញជាពិសេសដោយការនាំចេញផលិតផលកសិកម្ម ជាពិសេសផ្លែឈើដូចជា ទុរេន និងមង្ឈុត ស្របពេលការនាំចេញអង្ករវិញ ក៏ទទួលបានការកើនឡើងខ្លាំងផងដែរ ជាពិសេសចំពេលមានតម្រូវការខ្លាំង នៅក្នុងតំបន់អាហ្រ្វិក និងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនឹងនេះ លោក Keerati Ruschano លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មប្រទេសថៃ បាននិយាយថា តម្រូវការផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាបន្ទះថាមពលពន្លឺព្រះអាទិត្យ និងទូរស័ព្ទចល័ត ក៏មានតម្រូវការខ្ពស់ផងដែរ។
គួរឱ្យដឹងថា ទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេសថៃ ដែលមានដូចជាប្រទេសចិន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងអាស៊ីខាងត្បូង នៅតែបន្តបង្ហាញសញ្ញានៃការពង្រីកទំហំនាំចូលរបស់ខ្លួន ទោះបីជាភាពមិនច្បាស់លាស់នៅតែបន្តកើតមាន ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ។
លោក Keerati ក៏បានបង្ហាញពីសុទិដ្ឋិនិយមថាការនាំចេញរបស់ប្រទេសថៃ នឹងនៅតែបន្តកើនឡើង ក្នុងរយ:ពេលប៉ុនា្មនខែខាងមុខ។ ហើយជាងនេះទៅទៀត ស្ថិរភាពក្នុងការផ្គត់ផ្គង់ស្បៀង និងតម្រូវការកើនឡើងពីវិស័យសេវាកម្ម និងទេសចរណ៍ ត្រូវបានគេរំពឹងថានឹងជួយជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហាររបស់ប្រទេសថៃ កាន់តែច្រើនឡើងបន្ថែមទៀត ៕