ក្រុមហ៊ុនគ្រឿងអលង្ការលំដាប់កំពូលរបស់ប្រទេសដាណឺម៉ាក Pandora គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ នៅប្រទេសវៀតណាម ក្នុងត្រីមាសទីមួយ ឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
លោក Michael Zinck Jensen ប្រធានគម្រោងនៃក្រុមហ៊ុន Pandora Production Holding ប្រចាំនៅទីក្រុង Binh Duong បានប្រាប់ទៅកាន់អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Bui Xuan Dung កាលពីថ្ងៃចន្ទថា រោងចក្រថ្មីនេះ នឹងត្រូវសង់ឡើងនៅមជ្ឈមណ្ឌលឧស្សាហកម្ម ស្ថិតនៅភាគខាងត្បូងទីក្រុង Binh Duong ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ ២០២៦។
លោក Jensen បាននិយាយទៀតថា បច្ចុប្បន្នវានៅតែមានការលំបាក ក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់ ហើយលោករំពឹងថា ក្រសួងសំណង់វៀតណាម នឹងពន្លឿនដំណើរការនេះ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Pandora បានលក់គ្រឿងអលង្ការរបស់ខ្លួន នៅក្នុងប្រទេសជាង ១០០ រួចមកហើយ និងបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣,៧៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ខណ:នៅវៀតណាម ក្រុមហ៊ុននេះ មានហាងចំនួន ១៥ ដែលភាគច្រើន ស្ថិតនៅក្នុងផ្សារទំនើប ក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕