ស្ថាបនិកក្រុមហ៊ុន China Evergrande បាត់បង់ងារជាមហាសេដ្ឋី ក្រោយរបូតលុយ ៩៨%

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន China Evergrande លោក Hui Ka Yan ហាក់កំពុងជួបទុក្ខផ្ទួនៗ ពោលក្រុមហ៊ុន​កំពុងជាប់បំណុលវ័ណ្ឌក ខណៈលោកក៏បាត់បង់ងារជាមហាសេដ្ឋីថែមទៀត ក្រោយទ្រព្យសម្បត្តិ​របស់មេធំ Evergrande មានការថយចុះអស់ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Fortune បានរាយការណ៍ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ តម្លៃហ៊ុនរបស់ Evergrande បានធ្លាក់ចុះរហូតដល់ ៩៩% បណ្ដាលឲ្យទ្រព្យសម្បត្តិរបស់លោក Hui បាត់បង់ប្រមាណ ៩៨%។

ជាមួយគ្នានេះ គេហទំព័រ Bloomberg Billionaires Index បានបង្ហាញទៀតថា បច្ចុប្បន្នលោក Hui មានទ្រព្យសម្បត្តិប្រមាណ ៩៧៩លានដុល្លារ ខណៈកាលពីឆ្នាំ២០១៧ លោកមានទ្រព្យសម្បត្តិ​ដល់ទៅ ៤២ពាន់លានដុល្លារឯណោះ។

គួររំលឹកដែរថា ក្រុមហ៊ុន China Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់បំណុលច្រើនបំផុតលើលោក ប្រមាណ ៣០០ពាន់លានដុល្លារ ហើយរដ្ឋាភិបាលចិន​បានទទូចឲ្យលោក Hui លក់អចលនទ្រព្យផ្ទាល់ខ្លួន ដើម្បីយកប្រាក់ទៅដោះបំណុលខ្លះ៕