សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ទ្រព្យសកម្មរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុកើនជាង ៨% ខណៈឥណទានភតិសន្យាហិរញ្ញវត្ថុកើនជាង ១៣%។
យោងតាមហ្វេសប៊ុករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុកើនឡើង ៨,៣% ដល់ ២,១ ទីលានរៀល (៥១៣,៥ លានដុល្លារអាមេរិក)។
ប្រភពដដែលបានបន្តថា នៅក្នុងនោះឥណទានភតិសន្យាហិរញ្ញវត្ថុកើនឡើង ១៣,១% ដល់ ១,៨ ទីលានរៀល (៤៥៥,៥ លានដុល្លារអាមេរិក) ដោយមាន ៩៦.៩៦៤ គណនី ហើយត្រូវបានផ្តល់ទៅវិស័យជាច្រើន រួមមាន កសិកម្ម ២៦,៥% អង្គភាពគ្រួសារ ២១,៦% សេវាកម្ម ២០,១% ដឹកជញ្ជូន ៥,៦% សំណង់ ៤,៧% ពាណិជ្ជកម្មនិងជំនួញ ៣,៦% និងវិស័យផ្សេងៗ ១៧,៩%។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ទៀតថា ប្រភពទុនចម្បងរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គឺបានមកពីមូលនិធិភាគទុនិក ដោយកើនឡើង ៦,៩% ដល់ ៦៦០,៤ ប៊ីលានរៀល (១៦២,៩ លានដុល្លារអាមេរិក)៕