អគ្គនាយកក្រុមហ៊ុន មីនីបៀ (Minebea) លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា(Yoshihisa Kainuma)បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្តាល់ព្រះហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែតុលា នាវិមានសន្តិភាព។
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ក្នុងនោះ សម្តេចតេជោ ក៏បានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកសរសើរចំពោះសម្តេចថា គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ ដោយលោក បានបញ្ជក់ថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។
បន្ថែមទៀតនោះ អគ្គនាយករូបនេះ ក៏បានលើកឡើងពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ដែលក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី មិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
ជាមួយគ្នានោះ លោក បានបញ្ចាក់បន្ថែមថា «នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោក នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ»៕