កាលពីថ្ងៃទី២៥ ខែតុលា ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិក Meta Platforms បានបង្ហាញពីទិន្នន័យប្រាក់ចំណូលប្រចាំត្រីមាសទី៣ ដែលមានរហូតដល់ ៣៤,១៥ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% បើធៀបនឹងឆ្នាំទៅ ខណៈពួកគេរំពឹងថា នាត្រីមាសចុងក្រោយនៃឆ្នាំនេះ ក្រុមហ៊ុននឹងនៅតែបន្តកើបលុយបានច្រើនដដែល។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានរាយការណ៍ថា នាត្រីមាសទី៣ ក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg ទទួលបានប្រាក់ចំណេញប្រមាណ ១១,៥៨ពាន់លានដុល្លារ កើន ១៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម ៤,៤ពាន់លានដុល្លារ។
ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ក៏បានបង្ហើបទៀតថា ពួកគេរំពឹងទទួលបានប្រាក់ចំណូលប្រចាំត្រីមាសទី៤ ចន្លោះពី ៣៦,៥ ទៅ ៤០ពាន់លានដុល្លារ បើសិនជាស្ថានការណ៍មិនមានភាពផ្លាស់ប្ដូរ។
បន្ថែមពីនោះ ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក ថែមទាំងបានព្យាករណ៍ទុកពីការចំណាយប្រចាំឆ្នាំ២០២៣ ចន្លោះពី ៨៧ ទៅ ៨៩ពាន់លានដុល្លារ ទាបជាងការសន្និដ្ឋានកាលពីដើមឆ្នាំ ដែលមានចន្លោះពី ៨៨ ទៅ ៩១ពាន់លានដុល្លារផងដែរ៕