លោក ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្វាមីរបស់លោកស្រីឧកញ៉ា សេង សុវីរដ្ឋា ត្រូវបានថ្នាក់ដឹកនាំប្រគល់ភារកិច្ចជូនលើការងារសំខាន់ៗមួយចំនួន កាលពីពេលថ្មីៗនេះ។
តាមរយៈសេចក្តីសម្រេចលេខ ០៨១ សសរ របស់ក្រសួងរៀបចំដែនដី កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ បានសម្រេចកំណត់ និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី សំដៅធានាការដឹកនាំ និងអនុវត្តកិច្ចការរបស់ក្រសួង។ ក្នុងនោះដែរ លោក ហេង ឡាលីន រដ្ឋលេខាធិការ ទទួលភារកិច្ចជួយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លើការងារ៖ ១)អភិវឌ្ឍអចលនទ្រព្យ ២)ហិរញ្ញប្បទានលើវិស័យអចលនទ្រព្យ ៣)ការងារសម្បទានដីសង្គមកិច្ច ៤)ចូលរួមដឹកនាំការរៀបចំនិងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៥)ផែនការទម្រង់ទិសការរៀបចំដែនដី ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។
លោក ហេង ឡាលីន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែង ជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ និងទទួលការតែងតាំងជាថ្មី សម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
មុនទទួលបានការតែងតាំងជារដ្ឋលេខាធិការ លោក ហេង ឡាលីន ធ្លាប់ជានាយទាហានជាន់ខ្ពស់មួយរូប ដោយមានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយ២) និងមានតួនាទីជាមេបញ្ជាការរង នៃកងពលតូចលេខ៧០។ លោកជាស្វាមី របស់លោកស្រី សេង សុវីរដ្ឋា ដែលជាពាណិជ្ជករវ័យក្មេងមួយរូប និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីដើមខែមីនា ឆ្នាំ២០១៩៕