រោងចក្រថ្មី ចាយទុនវិនិយោគ១៣លានដុល្លារអាម៉េរិក នឹងលេចរូបរាងនៅខេត្តព្រះសីហនុ និងស្វាយរៀង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ បន្ថែមទៀត ដើម្បីវិនិយោគបង្កើតរោងចក្រថ្មី ក្នុងតម្លៃប្រមាណ១៣លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ។ នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣- “ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

៤- “ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ក្នុង នោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%៕ អត្ថបទ៖ រង្សី