លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានរៀបចំមហាព្រឹត្តិការណ៍កម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ( Business Matching) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងរឹតចំណងមិត្តភាព និងស្វះស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពជាដៃគូរ រវាងធុរកិច្ចជននៃប្រទេសទាំងពីរ។ កម្មវិធីនេះ ប្រព្រឹត្តធ្វើឡើងនៅ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
វេទិកានេះ នឹងភ្ជាប់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល ទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងទំនុកចិត្តក្នុងការកសាងសម្របសម្រួលដំណើរការនៃការវិនិយោគនានា ព្រមទាំងអាចទទួលបាននូវអត្ថប្រយោជន៍ ដែលជាឱកាសក្នុងការរីកចម្រើនក្នុងទីផ្សារពោរពេញដោយថាមវន្តនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានថ្លែងថា៖ “ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានរៀបចំឡើងដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍។ សមាគម CYEAD បានបង្កើតឡើងដោយប្រកាសលេខ ២៦៥៥ ប្រក របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់វិស័យវិនិយោគនិងអន្តរវិស័យនៅប្រទេសកម្ពុជា។ បេសកកម្មរបស់សមាគម គឺដើរតួជាវេទិកា ដើម្បីជំរុញការវិនិយោគទុន តាមរយៈការផ្តល់ជូននូវការចូលរួមសិក្សា ស្រាវជ្រាវណែនាំផ្នែកផ្លូវច្បាប់ ជួយរកដៃគូសម្រាប់សហការជាមួយអ្នកវិនិយោគមកពីក្រៅប្រទេស និងសម្របសម្រួលក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ តាមរយៈការជួយរកទីផ្សារនាំចេញ-នាំចូលផលិតផលក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិផងដែរ»។
លោកឧកញ៉ា បន្តថា សមាគមក៏មានគោលបំណងសំខាន់ៗចំនួន៣ គឺទី១ កៀរគអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយទំនុកចិត្តនិងមានភាពជឿជាក់។ ទី២ ផ្តល់ជាវេទិកា ក៏ដូចជាឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុករបស់យើង ក្នុងការចូលរួមសហការ កសាងភាពជាដៃគូជាមួយអ្នកវិនិយោគអន្តរជាតិ។ ទី៣ ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ លោកឧកញ៉ាជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងអាចដើរតួជាវេទិកាមួយ ដើម្បីគាំទ្រដល់ការវិនិយោគ និងជាកាតាលីករដ៏មានអានុភាពសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញដល់សន្តិភាព និងភាពសុខដុមរមនា ក្នុងចំណោមប្រជាជាតិនានា ក្នុងតំបន់។
លោកឧកញ៉ា បានបន្ថែមដូច្នេះថា៖ «ព្រឹត្តិការណ៍នេះ គឺជាលទ្ធផលមួយនៃកិច្ចប្រជុំដោយផ្លែផ្ការវាងសមាគម CYEAD និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងមក។ ក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរាជទូត លោកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចក្ខុវិស័យ និងបេសកកម្មរបស់សមាគម ព្រមទាំងផ្តល់ឱកាសសម្រាប់ការកៀរគវិនិយោគិនមកពីប្រទេសថៃ ដែលមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុន ឬអាជីវកម្មនៅកម្ពុជា។ យើងខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ»។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ មិត្តភាពកម្ពុជា-ថៃ ជាមិត្តភាពដែលមានប្រពៃណីយូរលង់ណាស់មកហើយ។ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ នៃកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ហើយមិត្តភាព និងភាតរភាពនេះ ត្រូវបានលើកទឹកចិត្ត ដូចសភាសិតខ្មែរមួយឃ្លាលើកឡើងថា “ជួញជិតប្រសើរជាងជួញឆ្ងាយ” ដែលក្នុងបរិបទជាទ្វេភាគីផង និងជារដ្ឋក្នុងសមាគមអាស៊ានផង ការបណ្តាក់ទុនវិនិយោគ យើងតែងតែសម្លឹងខ្ពស់ទៅទ្វីបឆ្ងាយៗ នៅពេលដែលប្រទេសក្នុងតំបន់ជាប់ភូមិផងរបងជាមួយគ្នា គួរត្រូវបានផ្តល់ជាអាទិភាព ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ»។
ចំណែកឯ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានថ្លែងដូច្នេះថា៖ «ផ្តើមចេញពីជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសម្រេចជាមួយគ្នា ក្នុងការជំរុញនូវគោលដៅពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឱ្យឡើងដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ខាងមុខ ក៏ដូចជាជំរុញក្នុងការវិនិយោគទៅមករវាងកម្ពុជា-ថៃ។ ក្រោមកិច្ចសហការជាមួយគ្នាផ្ទាល់រវាង សមាគមនិងស្ថានទូត និងការអនុវត្តទៅតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលបានដាក់ចេញដោយក្រសួងការបរទេស ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣នេះ ធ្វើឱ្យមានការគិតគូររបស់ស្ថានទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីរៀបចំឱ្យមានកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ នៅថ្ងៃនេះឡើង ដើម្បីនាំអ្នកធុរកិច្ចរបស់ថៃ ដែលគាត់ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ក្រោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្លាំងមួយ នៅអាស៊ីបច្ចុប្បន្ន។ ធុរជនថៃ ក៏គ្រោងមានការពិភាក្សាបន្ថែមជាមួយដៃគូ និងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន ជួយជំរុញវិស័យទេសចរណ៍បន្ថែមផងដែរ»។
សូមជម្រាបថា តាមការបញ្ជាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា-ថៃ មានមហិច្ចតារួម ក្នុងការសម្រេចទំហំពាណិជ្ជកម្មឱ្យបាន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ខណៈដែលក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង ៤,៦ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន ២,៨ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រហែល ២០% ដែលនេះជាបន្ទាត់មួយធ្វើឱ្យប្រទេសទាំងពីរត្រូវព្រួតដៃគ្នាជំរុញកំណើន ហើយដំណើរអញ្ជើញមកដល់របស់ប្រតិភូធុរកិច្ចជនថៃនៅពេលនេះ ជាការឆ្លើយតបចំគោលដៅ ស្របនឹងបរិបទជាក់ស្តែងនាពេលបច្ចុប្បន្ន៕