សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខេត្តកំពង់ស្ពឺ ពីខេត្តមួយដែលធ្លាប់មានសង្រ្គាម និងជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក ក្លាយជាទីកន្លែងទេសចរណ៍ និងតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ដែលបានជះឥទ្ធិពលដល់ការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ការលើកឡើងរបស់សម្តេច សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីមុន ខេត្តកំពង់ស្ពឺ ថ្វីត្បិតជាខេត្តដែលមានទីតាំងភូមិសាស្រ្តជិតរាជធានីភ្នំពេញ តែជាតំបន់ដែលប្រឈមខ្លាំងពីសង្រ្គាម និងជាខេត្តដែលសំបូរគ្រាប់មីនថែមទៀត ហើយមិនសូវមានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។
យ៉ាងណាមិញ សម្តេចធិបតីបន្តថា មកដល់បច្ចុប្បន្ន ដោយសារតែការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសកត្តាសន្តិភាព បានធ្វើឱ្យខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាសមរភូមិ បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញ ពិសេសកន្លែងទេសចរណ៍ដែលទទួលបានការគាំទ្រច្រើន គឺភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគីរីរម្យជាដើម។
សម្តេចបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឺដែលនៅជិតភ្នំពេញ និងមានតំបន់ទេសចរណ៍ព្រៃភ្នំច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់នេះដែរ បច្ចុប្បន្នក៏បានក្លាយទីជាកន្លែងវិនិយោគរោងចក្រសហគ្រាស់ដ៏ច្រើន និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលស្ថិតនៅចន្លោះភ្នំពេញ និងខេត្តព្រះសីហនុថែមទៀត។
គួរបញ្ជាក់ដែរថា គិតមកដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕ អត្ថបទ៖ ពិសី