អនាគតរបស់ក្រុមហ៊ុន China Evergrande Group កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ពោលត្រូវឡើងតុលាការនៅទីក្រុងហុងកុង នាថ្ងៃទី៣០ ខែតុលា បន្ទាប់ពីបញ្ហាជាមួយម្ចាស់បំណុលរបស់ពួកគេ មិនទាន់មានដំណោះស្រាយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា Evergrande បានធ្វើការជុំវិញការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ អស់រយៈពេលជាង ១ឆ្នាំកន្លះ ប៉ុន្តែផែនការទាំងនោះ ត្រូវលុបចោលទាំងស្រុង ក្រោយទទួលដំណឹងថា ស្ថាបនិកក្រុមហ៊ុន លោក Hui Ka Yan កំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការប្រព្រឹត្តបទឧក្រិដ្ឋកម្ម។
ក្នុងករណីធ្ងន់ធ្ងរ តុលាការអាចនឹងបញ្ជាឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយនេះ រំលាយក្រុមហ៊ុន យកប្រាក់សងម្ចាស់បំណុល ខណៈកាលពីខែមិថុនា តម្លៃក្រុមហ៊ុន Evergrande មានប្រមាណ ២៤០ពាន់លានដុល្លារ។
សូមជម្រាបដែរថា បច្ចុប្បន្ន China Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាប់បំណុលច្រើនបំផុតលើលោក ប្រមាណ ៣០០ពាន់លានដុល្លារ ហើយតាំងពីចុងឆ្នាំ២០២១ មកទល់នឹងពេលនេះ ពួកគេបានព្យាយាមរកដំណោះស្រាយ ជាមួយក្រុមម្ចាស់បំណុលច្រើនលើកច្រើនសារ ប៉ុន្តែមិនដែលទទួលបានជោគជ័យជាដុំកំភួនឡើយ៕