លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បានសម្តែងការសាទរចំពោះការបង្កើតសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី។ លោកបន្តថា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ជាអង្គការសមាជិកមួយ បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន១៤រូប។
លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគម បានមានប្រសាសន៍ថា ការបង្កើតសាខាសមាគមសហគ្រិនស្រ្តី នៅខេត្តរតនគិរី គឺក្នុងគោលបំណងចងក្រងបណ្តាញរវាងសហគ្រិននារីនៅថ្នាក់កណ្ដាល និងតាមបណ្តាខេត្តនានាឱ្យមានទំនាក់ទំនងសហការគ្នាកាន់តែជិតស្និត តាមរយៈសមាជិកសមាគម ក៏ដូចជា រៀនសូត្របទពិសោធន៍ល្អៗពីសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្ត្រី នៅខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន, ផ្សព្វផ្សាយពីផលិតផលក្នុងខេត្តរតនគិរី ទៅទីផ្សារជាតិ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ, កៀរគរធនធានអ្នកវិនិយោគជាតិ និងអន្តរជាតិ មកវិនិយោគនៅខេត្តរតនគិរី, ច្បាមយកឱកាសដើម្បីកែច្នៃផលិតផលក្នុងស្រុកឱ្យត្រូវនឹងតម្រូវការទីផ្សារ, ជួយបង្កើនសមត្ថភាព និងឱកាសដល់សហគ្រិនជាស្ត្រីក្នុងខេត្តរតនគិរី ទាំងអ្នកជាសមាជិក និងមិនមែនជាសមាជិក តាមរយៈសមាគមនេះ និងពង្រឹងភាពខ្លាំងរបស់ស្រ្តីក្នុងខេត្តរតនគិរី។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអង្គការសមាជិកមួយ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន ១៤រូប។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា៕