នាថ្ងៃទី៣០ ខែតុលានេះ លោក Zhang Youxia មន្ត្រីយោធាមានអំណាចធំបំផុតទី២ ប្រចាំប្រទេសចិន បាននិយាយនៅលើវេទិកា Beijing Xiangshan ដែលជាវេទិកាយោធាធំបំផុតប្រចាំឆ្នាំថា រដ្ឋាភិបាលចិន នឹងព្យាយាមពង្រឹងទំនាក់ទំនងជាមួយកងកម្លាំងយោធាអាមេរិកបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
“ពួកយើងនឹងបន្តអភិវឌ្ឍន៍បន្ថែមនូវទំនាក់ទំនងជាមួយអាមេរិក បន្តកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក ដើម្បីទទួលបានការរួបរួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ”។ នេះបើតាមការសម្ដីរបស់អនុប្រធានគណៈកម្មការយោធាកណ្តាល បានលើកឡើង។
គួររំលឹកដែរថា តាំងពីអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu កងកម្លាំងយោធាចិន និងអាមេរិក មិនដែលធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់ឡើយ។
ជម្រាបបន្ថែមថា ទំនាក់ទំនងផ្នែកយោធារវាងចិន និងអាមេរិក មិនសូវមានផលវិជ្ជមានប៉ុន្មានឡើយ ពោលអាមេរិកតែងតែព្យាយាមកាត់បន្ថយការពង្រីកមហិច្ឆតារបស់ចិន លើវិស័យយោធា និងបច្ចេកវិទ្យាជាដើម៕