ស្តេចដែកវៀតណាម គ្រោងផ្ទេរភាគហ៊ុនតម្លៃជាង ៤០លានដុល្លារ ទៅឱ្យកូនប្រុសរបស់ខ្លួន

អន្តរជាតិ

មហាសេដ្ឋីវៀតណាម លោក Tran Dinh Long ដែលត្រូវបានគេដាក់​រហស្សនាម​ថា “ស្តេចដែក” និងភរិយារបស់លោក គ្រោងនឹងធ្វើការផ្ទេរភាគហ៊ុនចំនួន ៤២,៨ លានហ៊ុន ដែលមានតម្លៃដល់ទៅ ១ទ្រីលានដុង (៤០,៦៨លានដុល្លារ) នៅក្នុងក្រុមហ៊ុនដែក Hoa Phat Group ទៅឱ្យកូនប្រុសរបស់ខ្លួនកាន់កាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការផ្ទេរនេះ លោក Tran Vu Minh នឹងកាន់កាប់ភាគហ៊ុនជិត ១៥០ លានហ៊ុន ខណ:ឪពុករបស់ខ្លួន គឺលោក Long ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់វៀតណាម Hoa Phat Group នឹងកាន់កាប់ភាគហ៊ុនចំនួន ១,៥ពាន់លានហ៊ុន ឬស្មើនឹង ២៥,៨% នៃភាគហ៊ុនសរុប ស្របពេលភរិយារបស់លោក នឹងកាន់កាប់ភាគហ៊ុនចំនួន ៤០០ លានហ៊ុន ឬស្មើនឹង ៦,៨៨% ។

គួរឱ្យដឹងផងដែរថា មិនមែនមានតែលោក Long នោះឡើយ ដោយថា្នក់ដឹកនាំរបស់ក្រុមហ៊ុន Hoa Phat Group ផ្សេងទៀត ក៏បាននិងកំពុងធ្វើការផ្ទេរភាគហ៊ុនរបស់ពួកគេ នៅក្នុងក្រុមហ៊ុន ទៅឱ្យកូនៗរបស់ខ្លួន នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជម្រាបជូនផងដែរថា​ ឧស្សាហកម្មដែកនៅក្នុងប្រទេសវៀតណាម បាននិងកំពុងឆ្លងកាត់ឆ្នាំដ៏លំបាកមួយ ដោយសារតែតម្រូវការធ្លាក់ចុះ ខណ:ពេលដែលគម្រោងអចលនទ្រព្យភាគច្រើនកំពុងមានភាពជាប់គាំង ។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមហ៊ុន Hoa Phat បានរាយការណ៍ថា ការលក់របស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំនេះ បានកើនឡើងមកវិញបន្តិចហើយ បន្ទាប់ពីការលក់សរុបពេញមួយឆ្នាំ បានធ្លាក់ចុះដល់ទៅ ១៦% មកនៅត្រឹមចំនួន ២៨,៧៧ទ្រីលានដុង ៕