អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បាននាំភរិយារបស់លោកគឺ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និងកូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី (TotalEnergies) នៅប្រទេសសិង្ហបុរី។
ពិធីចុះកិច្ចព្រមព្រៀង MOU នេះ គឺដើម្បីសិក្សាលើគម្រោងថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា និងឱកាសផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីត ដែលសបស្របទៅនឹងការអភិវឌ្ឍន៍ និងការវិនិយោគរួមគ្នា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ «ការបញ្ចូលគ្នារវាងធនធាន និងជំនាញរវាងក្រុមហ៊ុនទាំងពីរ នឹងធានាបាននូវការស្រាវជ្រាវ និងការអភិវឌ្ឍន៍ល្អបំផុត នៃគម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុត នៅក្នុងប្រទេសកម្ពុជា»។
ចំណែកឯលោក Ting Wee LIANG ជាប្រធានក្រុមហ៊ុនប្រចាំប្រទេសសិង្ហបុរី និងជាប្រធានផ្នែកក្រុមហ៊ុន តូតាល់អេនើជី អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏បានថ្លែងផងដែរថា៖ «ក្នុងនាមជាក្រុមហ៊ុនថាមពលចម្រុះថ្នាក់ពិភពលោក យើងប្ដេជ្ញាក្នុងការអភិវឌ្ឍគម្រោងកកើតឡើងវិញថ្មី ឱ្យទទួលបានជោគជ័យ នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជួយគាំទ្រទៅលើដល់ស្ថានីយថាមពលក្នុងប្រទេស»។
សូមជម្រាបថា តូតាល់អេនើជី ជាក្រុមហ៊ុនថាមពលចម្រុះពិភពលោក ដែលបច្ចុប្បន្នកំពុងបង្កើតផលប័ត្រ តម្លៃប្រកួតប្រជែងលំដាប់ពិភពលោក នៃថាមពលកកើតឡើងវិញ ដើម្បីផ្ដល់ថាមពល ប្រកបដោយនិរន្តរភាព ភាពជឿជាក់ និងតម្លៃសមរម្យដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក។ រីឯ រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុនពហុវិស័យឈានមុខគេនៅកម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការបង្កើត និងអនុវត្តគម្រោងថាមពល ក្នុងស្រុក ដោយផ្អែកលើមូលដ្ឋានវិនិយោគរួមគ្នាផងដែរ៕