ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសផ្តល់ជូនអាហារូបករណ៍ពិសេសដល់សិស្សឆ្នើម ដែលជាបុត្រធីតារបស់មន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមរយៈលិខិតផ្សព្វផ្សាយរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ និងលិខិតរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន ដែលឧកញ៉ា ប៉ិច បូឡែន គោរពជូនដល់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីជាការលើកទឹកចិត្តដល់សិស្សឆ្នើម មាននិទ្ទេសល្អ ជាបុត្រធីតារបស់មន្ត្រីរាជការកំពុងបម្រើការនៅក្នុងក្រសួងរៀបចំដែនដី ដែលបានកំពុងសិក្សានៅសាលារៀនរដ្ឋ ឬឯកជនផ្សេងៗ បណ្តាញសាលារៀនរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន នឹងផ្តល់អាហារូបណ៍រហូតដល់ ៥០%។
សម្រាប់ការសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍៖ សិស្សឆ្នើមចំណាត់ថ្នាក់លេខ៤និងលេខ៥ ទទួលបានអាហារូបករណ៍ ៣០%, សិស្សឆ្នើមលេខ២និងលេខ៣ បានអាហារូបករណ៍ ៤០% និងសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ នឹងបានអាហារូបករណ៍ ៥០%។ អាហារូបករណ៍នេះសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី១ ដល់ទី១២ និងកម្មវិធីភាសាអង់គ្លេស។
សម្រាប់ការសិក្សានៅសាលាអន្តរជាតិ ហ្វររ៉េសហៀល៖ សិស្សឆ្នើមចំណាត់ថ្នាក់លេខ៤និងលេខ៥ ទទួលបានអាហារូបករណ៍ ៣០%, សិស្សឆ្នើមលេខ២និងលេខ៣ បានអាហារូបករណ៍ ៤០% និងសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ នឹងបានអាហារូបករណ៍ ៥០%។ អាហារូបករណ៍នេះសម្រាប់កម្មវិធីបឋម និងមធ្យមសិក្សាលក្ខណៈអន្តរជាតិ ដែលមានបីភាសាគឺ ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន។
ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់ដំណើរការតាំងពីឆ្នាំ២០០៨ ក្នុងការផ្តល់នូវសេវាកម្មអប់រំ តាមរយៈបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដែលមានដូចជា សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលារៀនសហគមន៍២១ ចាប់ពីកម្រិតមត្តេយ្យ រហូតដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះ ក៏មានសាលាភាសាអង់គ្លេសលីដឺលែន សាលាអន្តរជាតិ ហ្វររ៉េសហៀល និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ដែលមានផ្តល់សេវាកម្មប្រឹក្សាយោបល់ បណ្តុះបណ្តាលផ្នែកជំនួញ ការអប់រំ និងសេវាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាផងដែរ៕