ប្រទេសថៃ នឹងចាប់ផ្ដើមយុទ្ធនាការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនឥណ្ឌា និងតៃវ៉ាន់ សម្រាប់ការមកកម្សាន្តនៅប្រទេសរបស់ខ្លួន ចាប់ពីខែក្រោយ រហូតដល់ខែឧសភា ឆ្នាំ២០២៤ ដើម្បីអូសទាញភ្ញៀវទេសចរបរទេសបន្ថែម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ឥណ្ឌាគឺជាប្រភពចំណូលធំបំផុតទី៤ របស់ប្រទេសថៃ សម្រាប់វិស័យទេសចរណ៍ ដោយរយៈពេល ១០ខែមកនេះ ភ្ញៀវទេសចរឥណ្ឌាប្រហែល ១,២លាននាក់ បានមកកម្សាន្តនៅប្រទេសថៃ។
ជាមួយគ្នានេះ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី២៩ ខែតុលា ប្រទេសថៃទទួលបានចំណូលប្រមាណ ៩២៧,៥លានបាត ឬប្រហែល ២៥,៦៧ពាន់លានដុល្លារ ពីការមកដល់របស់ភ្ញៀវទេសចរបរទេស ២២លាននាក់។
បន្ថែមពីនោះ ប្រទេសថៃ បានដាក់គោលដៅទាញយកភ្ញៀវទេសចរបរទេសប្រមាណ ២៨លាននាក់នៅក្នុងឆ្នាំនេះ ដោយសង្ឃឹមខ្ពស់ថា វិស័យទេសចរណ៍ នឹងអាចជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ចំពេលការនាំចេញទំនិញរបស់ពួកគេ ទៅកាន់ទីផ្សារអន្តរជាតិកំពុងថយចុះ៕