ក្រុមហ៊ុនផលិតគ្រឿងចក្រខ្នាតយក្សចិន សម្លឹងឃើញថៃជាកន្លែងពង្រីកអាជីវកម្មរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនផលិតគ្រឿងចក្រខ្នាតយក្សរបស់ប្រទេសចិន LiuGong Machinery គ្រោងនឹងសាងសង់រោងចក្រថ្មីចំនួន ៣ និងកន្លែងដំឡើងគ្រឿងម៉ាស៊ីនចំនួន ៣ ផ្សេងទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងនោះប្រទេសថៃ ក៏ត្រូវបានចាត់ទុកថាកន្លែងដ៏មានសក្តានុពលមួយ ក្នុងការជួយដល់ក្រុមហ៊ុនពង្រីកអាជីវកម្មបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Xiang Dongsheng អគ្គនាយករងនៃក្រុមហ៊ុន LiuGong Machinery Asia Pacific បាននិយាយថា ក្រុមហ៊ុនមិនទាន់ជ្រើសរើសប្រទេសជាក់លាក់ណាមួយ សម្រាប់ការផលិតគ្រឿងបរិក្ខារថ្មីរបស់ខ្លួននៅឡើយទេ ដោយក្រុមហ៊ុនក៏កំពុងពិចារណាផងដែរ អំពីចំនួនទឹកប្រាក់ ដើម្បីគាំទ្រដល់គម្រោងទាំងនេះ។

លោក Xiang​ បានបញ្ជាក់បន្ថែមទៀតថាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន គឺជាគោលដៅសំខាន់របស់ក្រុមហ៊ុនរបស់លោក ជាពិសេសថៃ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីន ដោយសារក្រុមហ៊ុនមានផលិតផលជាច្រើនប្រភេទ ដែលអាចបម្រើដល់កំណើនឧស្សាហកម្មនៅក្នុងតំបន់នេះ ។

គួរឱ្យដឹងថាក្រុមហ៊ុន LiuGong បានចូលទៅក្នុងទីផ្សារប្រទេសថៃ កាលពីឆ្នាំមុន ហើយបានមើលឃើញពីទស្សនវិស័យអាជីវកម្មវិជ្ជមានជាច្រើនរបស់ប្រទេសនេះ ដោយសារតែមានតម្រូវការពីវិស័យកសិកម្ម និងសំណង់ ដែលអាចបង្កើនការលក់របស់ក្រុមហ៊ុនបន្ថែមទៀត៕