ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រើនស្នើឱ្យក្រុមហ៊ុនទិញផ្ទះវិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ក្នុងគ្រាដែលមានបញ្ហាសេដ្ឋកិច្ចជាសកល។ ដូច្នេះក្រុមហ៊ុន បានកែប្រែលក្ខខណ្ឌបន្ថែមឡើងវិញ ដើម្បីសម្រាលដល់អតិថិជន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបុរីពិភពថ្មី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីពេលបច្ចុប្បន្ននេះ មានបញ្ហាសេដ្ឋកិច្ចជាសកល ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ។ ក្នុងពេលឥឡូវនេះ ក្រុមហ៊ុនយល់ឃើញថា សេដ្ឋកិច្ចពុំទាន់មានលក្ខណៈល្អប្រសើឡើងវិញ ដូច្នេះក្រុមហ៊ុនបានកែប្រែលក្ខខណ្ឌបន្ថែម ចំនួន ៣ចំណុច ដើម្បីសម្រាលដល់អតិថិជនដូចខាងក្រោម៖
១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។
២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។
៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបុរីពិភពថ្មី ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រើសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕