ឧកញ៉ា ចាន់ សុឃាំង អបអរសាទរដែលអង្ករសែនក្រអូបរបស់កម្ពុជា ឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីចិន-អាស៊ាន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចាន់សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​បាន​សម្តែង​ការ​អបអរសាទរ​​​ ដែល​អង្ករម៉ាក​សមូហ​ភាព SKO ផលិតចេញពីពូជស្រូវសែនក្រអូប​​របស់​កម្ពុជា នៅក្នុងឆ្នាំ២០២៣ ​ត្រូវ​បាន​​ទទួល​ស្គាល់​​ ជាពូជ​ស្រូវ​ល្អ និងមានរសជាតិឆ្ងាញ់​​ ព្រម​ទាំង​បាន​ឈ្នះ​​ពានរង្វាន់មាស នៅក្នុង​កម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទ​អង្ករ​សគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) នៅប្រទេសចិន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ​​បាន​ឱ្យ​ដឹង​ថា កម្មវិធីនេះរៀបចំ​ឡើងដោយវិទ្យាស្ថាន​វិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជ​នៃតំបន់​ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Science)។

ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន ១២​ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវ​នៅប្រទេសចិន។

អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពាន​រង្វាន់​មាស​របស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់​ប្រជា​កសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែល​ផលិតចេញជា​អង្ករដែល​មានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពាន​រង្វាន់មាស​នៅពេលនេះផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ដែលជារោងម៉ាស៊ីនកិនស្រូវដែលបាន​ផ្តល់នូវវត្ថុសំណាកអង្ករសម្រា ប់ជ្រើសរើសចូលរួមក្នុងការប្រកួត និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CICC (Cambodia) Co., Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង​ណាននីង តំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលជួយចូលរួមទទួល​នូវពានរង្វាន់​កិត្តិយសនេះសម្រាប់វិស័យស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះ ដែល​ប្រកប​ដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃ​អង្ករសែនក្រអូប​មានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

តាមការបញ្ជាក់ពី​សហព័ន្ធស្រូវអង្ករកម្ពុជា ​ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ​ដែលត្រូវបានដាំដុះ ដោយប្រជាកសិករ​តាំងពីពាក់កណ្តាលទស្សវត្ស៩០។ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យា​ល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃ​កសិកម្ម​កម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមាន​ពូជស្រូវសែន​ក្រអូបមួយច្បាស់លាស់។ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រ​ស្រូវនៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយ ដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៅ​ក្នុងឆ្នាំ​២០១៩ ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕