ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបើកកិច្ចប្រជុំសំខាន់មួយនៅក្នុងសប្ដាហ៍នេះ ជាមួយបំណងដោះស្រាយហានិភ័យ នៃវិស័យហិរញ្ញវត្ថុ ដែលកំពុងកើតមានសព្វថ្ងៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។
ជាមួយគ្នានេះ បណ្ដាញទូរទស្សន៍រដ្ឋ CCTV ក៏បានរាយការណ៍ដែរថា គោលបំណងនៃការបើកសន្និសីទការងារហិរញ្ញវត្ថុជាតិនាឆ្នាំនេះ គឺផ្ដោតសំខាន់លើការពង្រឹង ការឃ្លាំមើលវិស័យហិរញ្ញវត្ថុ ការពារ និងដោះស្រាយហានិភ័យនានា ក៏ដូចជាបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ បន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ក្រុមមន្ត្រីនានាក៏បានអំពាវនាវឲ្យមានយន្តការថ្មីៗ ដើម្បីគាំទ្រដល់ការផ្ដល់ហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ ដែលជាវិស័យសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចជាតិវិញផងដែរ។
គួររំលឹកបន្តិចថា សន្និសីទការងារហិរញ្ញវត្ថុជាតិ ជាធម្មតាធ្វើឡើង ២ដង ក្នុងរយៈពេលមួយទសវត្ស ដោយកើតឡើងចុងក្រោយក្នុងឆ្នាំ២០១៧ ប៉ុន្តែដោយមើលឃើញពីហានិភ័យនៃវិស័យហិរញ្ញវត្ថុកំពុងកើតមាន ប្រធានាធិបតីចិន ក៏បានបើកកិច្ចប្រជុំមួយនេះមុនពេលកំណត់ ដើម្បីរកដំណោះស្រាយឆាប់ៗ៕