យោងតាមអាជ្ញាធរជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៨២,៦ ពាន់ពាន់លានដុង (២៣,៧ ពាន់លានដុល្លារ) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន VNExpress ។
នៅក្នុងអំឡុងខែមករា ដល់ខែតុលា វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១០ លាននាក់ ខណៈចំនួននេះលើសពីគោលដៅ ៨ លាននាក់ពេញមួយឆ្នាំ ស្របពេលដែលភ្ញៀវទេសចរក្នុងស្រុកមានចំនួនដល់ទៅ ៩៨,៧ លាននាក់ឯណោះ។
ជាមួយគ្នានេះ គិតត្រឹមខែតុលា វិស័យទេសចរណ៍បានបម្រើភ្ញៀវបរទេសចំនួន ១,១១ លាននាក់ ស្របពេលភ្ញៀវទេសចរក្នុងស្រុកមានចំនួនដល់ទៅ ៥,២ លាននាក់។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍សេដ្ឋកិច្ចសង្គមបានបង្ហាញឲ្យដឹងថា រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ វិស័យសេវាកម្ម និងទេសចរណ៍បានកើនឡើង ៦,២៤% ខណៈទិន្នន័យនេះបានរួមចំណែកដល់ទៅ ៥៣,៣៤% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមផងដែរ។
សូមជម្រាបជូនដែរថា កាលពីឆ្នាំមុន ឧស្សាហកម្មទេសចរណ៍វៀតណាមបានប្រមូលប្រាក់ចំណូលចំនួន ៤៩៥ ពាន់ពាន់លានដុង ដែលស្មើរនឹង ៦៦% នៃប្រាក់ចំណូលក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំមុនការវាយប្រហារដោយជំងឺឆ្លង Covid ៕