សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងសហគ្រាសរដ្ឋមួយចំនួន ដែលកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើន ដល់របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ខណ:នេះជាវិធានការក្តៅមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រើប្រាស់លំហូរសាច់ប្រាក់ទាំងនេះ ដើម្បីយកទៅទិញអាវុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ គឺផ្តោតសំខាន់ទៅលើសហគ្រាសប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ឬ MOGE ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុនអាមេរិក ទិញ ឬធ្វើការនាំចូល ដោយផ្ទាល់ ឬប្រយោល ក្នុងលក្ខខណ្ឌដែលអាចផ្តល់ផលប្រយោជន៍ទៅកាន់ក្រុមហ៊ុនរបស់មីយ៉ាន់ម៉ា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “MOGE ទទួលបានចំណូលពីបរទេសរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ដោយវាបានជួយគាំទ្រដល់របបយោធា ដើម្បីទិញសព្វាវុធ និងសម្ភារៈយោធាពីបរទេស។ ដូច្នេះសហរដ្ឋអាមេរិក ចាំបាច់ត្រូវទទួលខុសត្រូវ ដើម្បីកាត់បន្ថយសមត្ថភាពរបស់ពួកគេ ក្នុងការប្រព្រឹត្តអំពើឃោរឃៅ” ។
ទន្ទឹមនឹងនេះ លោក Blinken បាននិយាយទៀតថា សហរដ្ឋអាមេរិកក៏កំពុងចាត់តាំងអង្គភាពចំនួនបី និងបុគ្គលចំនួន៥ រូប ដើម្បីប្រឆាំងទៅនឹងការរំលោភសិទ្ធិមនុស្សរបស់របបនេះ ហើយកំពុងសម្របសម្រួលជាមួយប្រទេសកាណាដា និងចក្រភពអង់គ្លេស ដើម្បីបង្កើនការដាក់ទណ្ឌកម្មនេះ ផងដែរ។
ជម្រាបជូនផងដែរថា ការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវម្តងហើយម្តងទៀត ពីសំណាក់ក្រុមសិទ្ធិមនុស្ស និងអ្នកប្រឆាំងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យធ្វើដូច្នេះចាប់តាំងពីរបបនេះបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារកាលពីជិតបីឆ្នាំមុន៕