Toyota ប្រមូលរថយន្តជាង ១,៨លានគ្រឿងចូលឃ្លាំងវិញ ក្រោយមានបញ្ហាបច្ចេកទេស

អន្តរជាតិ

កាលពីថ្ងៃទី០១ ខែវិច្ឆិកា ក្រុមហ៊ុន Toyota Motor បានប្រកាសថា ពួកគេកំពុងប្រមែប្រមូលរថយន្ត​ប្រភេទ RAV4 ប្រមាណ ១,៨៥លានគ្រឿង នៅសហរដ្ឋអាមេរិក ចូលឃ្លាំងវិញ បន្ទាប់ពីរកឃើញថា វាអាចបង្កឲ្យមានអគ្គិភ័យឆាបឆេះរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា រថយន្ត RAV4 ដែល Toyota កំពុងប្រមែប្រមូលនោះគឺ មានសេរីចាប់ពីឆ្នាំ២០១៣ ដល់២០១៨ ខណៈបញ្ហានោះគឺ អាគុយរថយន្តទាំងនោះ មានសភាពរលុង ដែលធ្វើឲ្យវាបម្លាស់ទី ពេលបើកបរ និងអាចប៉ះទង្គិចជាមួយខ្សែភ្លើង បង្កជាអគ្គិភ័យ។

ក្រុមហ៊ុន Toyota បានលើកឡើងថា រថយន្តដែលប្រមូលចូលឃ្លាំងទាំងនោះ គឺនឹងផ្លាស់ប្ដូរ​ដង្គៀបចាប់អាគុយ ជើងចាប់អាគុយ និងគម្របការពារ ក៏ដូចជាផ្ដល់ការណែនាំដល់អតិថិជន សម្រាប់ការយករថយន្តទៅពិនិត្យឡើងវិញម្ដងទៀត នាចុងខែធ្នូ។

គួររំលឹកដែរថា កាលពីខែសីហា ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ ក៏បានប្រកូកប្រកាស​ប្រមូលរថយន្តប្រភេទ Tundra ចូលរោងចក្រវិញ ប្រមាណ ១៦៨ ០០០គ្រឿង ក្រោយរកឃើញ​បញ្ហា ដែលអាចបង្កជាអគ្គិភ័យបាន៕