SK Group ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំបំផុតលំដាប់ទីពីររបស់កូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន Samsung Group បានចេញមុខធ្វើការបដិសេធជុំវិញពាក្យចចាមអារ៉ាម ដែលបាននិយាយអំពីការដកខ្លួនចេញពីប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ជុំវិញការឆ្លើយតបនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថ្មីៗនេះ ដែលបាននិយាយថា SK Group នឹងដកភាគហ៊ុនទាំងស្រុងពី Masan Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Masan លោក Danny Le បានចេញមុខធ្វើការបដិសេធចំពោះពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់ក្រុមហ៊ុន SK Group នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ។
តំណាងរបស់ក្រុមហ៊ុន SK Group ក៏បានធ្វើការបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុនរបស់ខ្លួនបច្ចុប្បន្ន កំពុងធ្វើការពិភាក្សាអំពីភាពជាដៃគូអាជីវកម្មរយ:ពេលវែងជាមួយរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន ជុំវិញផែនការ ធ្វើឱ្យវៀតណាម ក្លាយជាមជ្ឈមណ្ឌលអាជីវកម្មធំបំផុតរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ មក SK Group បានវិនិយោគទឹកប្រាក់ប្រហែល ២,៥ពាន់លានដុល្លារ ក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសវៀតណាម រួមទាំងការលក់រាយ ការអភិវឌ្ឍអចលនទ្រព្យ និងសេវាថែទាំសុខភាព ជាដើម៕