ឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកអំណោយមួយចំនួនប្រគល់ជូនលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ជាមួយនឹងទឹកចិត្តស្រលាញ់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិភាគតិច ក្នុងខេត្តរតនគិរី។
ទោះបីអំណោយមានតិចតួចក្តី ឧកញ៉ា ចិន សំណាង បានថ្លែងថា នេះជាទឹកចិត្តសទ្ធាជ្រះថ្លាជួយសម្រាលបន្ទុករដ្ឋបាលខេត្តបានមួយចំណែកដែរ។ លោកឧកញ៉ា បន្តថា កន្លងទៅក្រុមការងារលោកបានជួយ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវផងដែរ។ ជាក់ស្តែង កន្លងទៅរូបលោកបានអមដំណើរលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សា ហ៊ុន ស៊ីណាត នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ និងចូលរួមជាពុទ្ធសាសនូបត្ថម្ភចូលរួមជាទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តបរឡយ ឃុំកិះចុង ស្រុកបរកែវ ជាហូរហែរ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណជូនចំពោះឧកញ៉ា ចិន សំណាង ដែលបានឧបត្ថម្ភសម្ភារៈ គ្រឿងបរិភោគ និងភេសជ្ជៈ សម្រាប់រៀបចំចាត់ចែងក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីប្រគល់ និងទទួល ធ្វើឡើងនៅសាលាខេត្តរតនគិរី ដោយសម្ភាររួមមាន៖ ទឹកសុទ្ធកម្ពុជាចំនួន ៣៣កេស ទឹកក្រូចចំនួន ៦០កេស និងប៊ីយ៉ែកម្ពុជាចំនួន ៦០កេស ផងដែរ៕