អ្នកឧកញ៉ា គិត ម៉េង ចូលរួមដឹកនាំកិច្ចប្រជុំយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​បាន​អញ្ជើញ​ចូល​រួម​ដឹកនាំ​កិច្ចប្រជុំយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ក្រោមអធីបតីភាព លោក​ គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល​បន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម​ដែលពាក់ព័ន្ធ​នឹងវិស័យពន្ធដារនៅក្នុងប្រទេសកម្ពុជារួមមាន ផ្តោតលើការលើកកម្ពស់ទីផ្សារភាគហ៊ុននៅកម្ពុជា នឹងបញ្ហាទាំង​១៨​ចំណុច ដែលស្នើឡើងដោយផ្នែកឯកជន។

ក្នុង​ជំនួប​កិច្ចប្រជុំពិភាក្សា​​នេះ ក៏មានការចូលរួមផងដែរ​ពីសំណាក់​តំណាងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន​ពន្ធដារ, ក្រុមការងារផ្នែកឯកជនក្នុងវិស័យពន្ធដារ, តំណាងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគម​ធនាគារ​កម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ និង​សមាជិក សមាជិការនៃកិច្ចប្រជុំជាច្រើនទៀតផងដែរ។

គួរ​បញ្ជាក់​ថា ​​រាជរដ្ឋាភិបាល​ បាន​ចេញ​សេចក្តីសម្រេច​​​ស្តីពីការ​ទទួលស្គាល់​ជាផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​ទាំង​១៤ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣។ ជាមួយ​គ្នា​នេះ សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ដឹកនាំ​សម្របសម្រួល​ប្រជុំពិភាក្សា​ជាមួយ​ក្រសួងស្ថាប័ន​ជំនាញ ​សម្រេច​យក​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដើម្បីធ្វើ​របាយការណ៍​រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល ​ហើយ​​​គ្រោង​នឹង​រាយការណ៍ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខនេះ៕