យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានបញ្ជូនសព្វាវុធថ្មីៗ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈសព្វាវុធទាំងនោះ ក៏អាចមានប្រភេទមីស៊ីលប៉ាឡេស្ទីករយៈចម្ងាយខ្លី ក៏ដូចជាកាំជ្រួចប្រឆាំងយន្តហោះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo ។
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានរាយការណ៍ថា អាវុធប្រហែល ២ពាន់កុងតឺន័រ ត្រូវបានដឹកជញ្ជូនចេញពីកំពង់ផែ Rason នៅភាគឦសាននៃប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុង Vladivostok នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់នោះក៏បានបន្ថែមផងដែរថា ការដឹកជញ្ជូនសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីហាក់ដូចជាកាន់តែញឹកញាប់នៅក្នុងខែតុលា។
ដោយឡែក ការលើកឡើងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានជូនដំណឹងទៅកាន់គណៈកម្មាធិការសភាថា កូរ៉េខាងជើងហាក់ដូចជាបានបញ្ជូនកាំភ្លើងធំជាងមួយលានដើម និងអាវុធផ្សេងៗទៀត ទៅកាន់ប្រទេសរុស្ស៊ីប្រហែលជា ១០លើក ចាប់តាំងពីដើមខែសីហាមក។
ជាមួយគ្នានោះ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានគេចង្អុលបង្ហាញថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២២ មកម្លេះ ដោយបន្ថែមថាការផ្គត់ផ្គង់នោះ កាន់តែកើនឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅ។
គួររម្លឹកដែរថា នៅក្នុងអំឡុងខែតុលា សហរដ្ឋអាមេរិកក៏បានចោទកូរ៉េខាងជើងថា បានបញ្ជូនឧបករណ៍យោធា និងគ្រាប់បែកប្រមាណជាជាង ១ពាន់កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ីផងដែរ៕