កម្ពុជា បានបញ្ចប់ការប្រមូលផលស្រូវរដូវវស្សាលើផ្ទៃដីប្រមាណ០,៧៥លានហិកតាហើយ និងទទួលបានផលប្រមាណ៣លានតោន ដែលការប្រមូលផលស្រូវរដូវវស្សារនេះនៅក្នុងបរិមាណច្រើន និងមានតម្លៃល្អជាងឆ្នាំមុន។នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ការប្រមូលស្រូវរដូវវស្សាសំខាន់បន្ទាប់ទៀតគឺនៅខែវិច្ឆិកា និងខែធ្នូ ២០២៣ នេះ ដែលការប្រមូលផលលើផ្ទៃដីសរុបប្រមាណ ២,១ លានហិកតា និងផលរំពឹងសរុបប្រមាណ ៦,៣០ លានតោន។ជាមួយគ្នានោះ កម្ពុជារំពឹងប្រមូលផលស្រូវរដូវវស្សារសរុបបានរហូតដល់ ៩, ៣ លានតោន គឺលើសរដូវវស្សាឆ្នាំ ២០២២ ប្រមាណ ០,៦ លានតោន។
លោក បានបន្តថា តម្លៃស្រូវផ្ការំដួលបច្ចុប្បន្នជាមធ្យម ១៣០០ រៀលក្នុង ១ គីឡូក្រាម គឺខ្ពស់ជាងឆ្នាំ២០២២ជាមធ្យមប្រមាណ ២០០ រៀលឬស្មើនឹងប្រមាណ ១៨ ភាគរយ។តែតម្លៃនេះ អាចមានការប្រែប្រួលដោយសារការប្រមូលផលនឹងមានការកើនឡើងខ្លាំងចាប់ពីសប្តាហ៍ក្រោយ។តែទោះជាយ៉ាងណាក៏ដោយ តម្លៃស្រូវនៅតែល្អជាងឆ្នាំ ២០២២ កន្លងមក។ទាក់ទងការប្រែប្រួលកម្លៃនេះ ក្រសួងក៏កំពុងតាមដានការគ្រប់គ្រងការប្រមូលផល ដើម្បីសម្របសម្រួលឲ្យកសិករទទួលបានតម្លៃល្អសមរម្យផងដែរ។
បើតាមឈ្មួញទិញស្រូវពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង មួយរូប បានឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករកំពុងប្រមូលផលស្រូវរដូវវស្សា ដែលភាគច្រើនរួមមាន ប្រភេទស្រូវផ្កាម្លិះ និងស្រូវផ្ការំដួល។ស្រូវពីរប្រភេទនេះ មានតម្លៃចន្លោះ១៣០០រៀល ទៅ១៤០០រៀល ក្នុងមួយគីឡូក្រាម។
លោកបន្តថា ការប្រមូលផលស្រូវវស្សាក្នុងឆ្នាំ២០២៣នេះ មានចំនួនច្រើនជាងឆ្នាំ២០២២ ហើយតម្លៃក៏នៅតែបន្តខ្ពស់ និងងាយស្រួលនៅក្នុងការលក់ផងដែរ។
បើតាមឈ្មួញកណ្តាលខាងលើ «តាំងពីចាប់ផ្តើមប្រមូលផលស្រូវវស្សាដល់បច្ចុប្បន្ននេះ លោកនាំចូលក្នុងរោងម៉ាស៊ីនក្នុងស្រុកបានជាង១០០០តោនហើយ។ដែលការនាំចេញនេះ គ្រាន់តែក្នុងក្រុមហ៊ុន រោងម៉ាស៊ីនក្នុងស្រុកប៉ុណ្ណោះ ចំណែកការនាំចេញទៅកាន់ប្រទេសវៀតណាម លោកមិនបាននាំចេញទេ ព្រោះស្រូវផ្កាម្លិះ ផ្ការំដួល ក្រុមហ៊ុនក្នុងស្រុកទទួលទិញច្រើន តម្លៃសមរម្យ និងងាយស្រួលក្នុងការលក់ផងដែរ»។
ឈ្មួញកណ្តាលរូបនេះ ក៏បានប៉ាន់ស្មានថា នៅពាក់កណ្តាលខែវិច្ឆិកា ឬខែធ្នូ ខាងមុខ តម្លៃស្រូវវស្សាអាចនឹងមិនមានការប្រែប្រួល ឬប្រែប្រួលក្នុងតម្លៃតិចតួចប៉ុណ្ណោះ ព្រោះស្រូវស្ថិតនៅក្នុងតម្លៃថ្លៃ មានលំនឹងនៅឡើយ៕