កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត លើក្រុមហ៊ុន និងបុគ្គលចំនួន ១៣០រូប មកពីប្រទេសតួកគី ចិន និងអារ៉ាប់រួម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការនាំចូលឧបករណ៍ ដែលមានសារៈសំខាន់មួយចំនួនទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។
គោលដៅក្នុងការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍នោះ ក៏មានបុរសជនជាតិតួកគីលោក Berk Turken និងក្រុមហ៊ុនរបស់គាត់ផងដែរ ដោយត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងនឹងចារកម្មរុស្ស៊ី។ ក្នុងនោះ នាយកដ្ឋានរតនាគារក៏បាននិយាយថា បណ្តាញរបស់លោក Turken បានរៀបចំការទូទាត់ទឹកប្រាក់ និងរៀបចំការដឹកជញ្ជូនយ៉ាងលម្អិត ដើម្បីធ្វើយ៉ាងណាជៀសផុតពីការដាក់ទណ្ឌកម្ម និងអាចបញ្ជូនទំនិញពីតួកគីទៅកាន់ប្រទេសរុស្ស៊ីបាន។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនរបស់អារ៉ាប់រួមមួយចំនួនត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនឧបករណ៍អាកាសចរណ៍ ម៉ាស៊ីនសម្រាប់ទទួលទិន្នន័យ និងឧបករណ៍ជាច្រើនទៀត ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មផងដែរ ខណៈក្រុមហ៊ុន ARX Financial Engineering ដែលមានមូលដ្ឋាននៅ UAE ក៏ត្រូវបានគេដាក់ទណ្ឌកម្មដូចគ្នា ក្រោមការចោទប្រកាន់ពាក់ព័ន្ធរឿងស្វែងរកមធ្យោបាយ ប្តូររូបិយប័ណ្ណរុស្ស៊ី ទៅជាប្រាក់ដុល្លារអាមេរិក តាមរយៈធនាគារជាប់ទណ្ឌកម្ម VTB Bank ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយថា៖ ប្រទេសរុស្ស៊ីពឹងផ្អែកលើបុគ្គល និងអង្គភាពនៃប្រទេសទីបី ដែលមានឆន្ទៈក្នុងការផ្គត់ផ្គង់ឧបករណ៍យោធា ដើម្បីបន្តសង្រ្គាមដ៏សាហាវតទល់នឹងអ៊ុយក្រែន ហើយយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការធ្វើឱ្យពួកគេទទួលខុសត្រូវឡើយ ។
លោកស្រីបានបានបន្ថែមថា ទណ្ឌកម្មដែលត្រូវបានសម្រេចនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់យើង ដើម្បីបន្តការរំខានរាល់តំណភ្ជាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍យោធាទៅកាន់រុស្ស៊ី ហើយយើងនឹងផ្តោតទៅលើអង្គភាព ឬជនណាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។
គួរបញ្ជាក់ផងដែរថា ទណ្ឌកម្មដែលបានដាក់ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារ សំដៅលើក្រុមហ៊ុនជាឈ្មូញកណ្តាល និងបុគ្គលដែលត្រូវបានចោទប្រកាន់ថា ជួយទីក្រុងម៉ូស្គូក្នុងការទិញឧបករណ៍ដែលត្រូវការនៅសមរភូមិ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកដឹកជញ្ជូន។ លើសពីនេះ ក្រសួងការបរទេសក៏បានដាក់ទណ្ឌកម្មផ្នែកការទូត លើផលិតកម្មថាមពល លោហៈ និងរ៉ែរបស់រុស្ស៊ីផងដែរ៕