កម្ពុជាមិនខ្ចីបំណុលគេរហូតដល់វ័ណ្ឌកឡើយ គឺខ្ចីយកមកវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធធំៗ ដើម្បីបម្រើដល់សេដ្ឋកិច្ច ពោលគឺមិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស នាស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល កាលថ្ងៃទី២ ខែវិច្ឆិកា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណា ដោយសារកម្ចីនោះទេ ហើយយើងក៏មិនមែនខ្ចីបំណុលដោយគ្មានហេតុផល រហូតដល់ជំពាក់គេវ័ណ្ឌកឡើយ។ អ្នករិះគន់កម្ពុជាលើការខ្ចីបំណុលគេមកធ្វើស្ពាន តែដល់ស្ពានធ្វើរួចបែរជាប្រើដែរ ហើយការរិះគន់ថាទាក់ទងតែវិនិយោគចិន ធ្វើឲ្យបាត់អធិបតេយ្យភាពអស់ហើយ ដល់ពេលគេវិយោគបើករោងចក្រ ខ្លះឲ្យកូនចៅទៅធ្វើការដែរ»។
សម្តេចបញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាថាគ្មានជំពាក់បំណុលនោះទេ គឺតិចបំផុត បើទោះបីមិនជំពាក់គេ ក៏ជំពាក់ប្រជាជនខ្លួនឯងដែរ។ បើតាមសម្តេចធិបតី, សម្រាប់កម្ពុជាគឺមិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ គឺយកមកបម្រើដល់សេដ្ឋកិច្ចជាតិ។
ទាក់ទងនឹងកម្ចីបរទេសនេះ, មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថា កម្ពុជាជំពាក់បរទេសច្រើន, តើកំរិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរអោយបារម្ភដែរឬទេ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ធ្លាប់បានបង្ហាញតារាបណ្តាប្រទេសដែលមានកំរិតបំណុលខ្ពស់ជាងគេទាំង១២។ ក្នុងនោះ ប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ ក្នុងពិភពលោកគឺរហូតដល់ទៅ ៣៥០% នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។
ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងដែលយើងតែងសរសើរក៏មានកំរិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។
ដោយឡែក បើក្រឡេកមកមើលកំរិតបំណុលរបស់ប្រទេសកម្ពុជាវិញ គឺនៅមានកំរិតទាបបំផុតធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់។ កម្ពុជាមានកំរិតបំណុលត្រឹមតែ២៩,៤% នៃទំហំសេដ្ឋកិច្ចរង្វង់ ៣០ពាន់លានដុល្លាអាមេរិក។ គឺទាបជាងប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ចិន មីយ៉ានម៉ា ថៃ ហ្វីលីពីន និងឥណ្តូនេស៊ី។
អ្នកជំនាញរូបនេះ បញ្ជាក់ថា កំរិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរអោយបារម្ភនោះទេ។ ផ្ទុយទៅវិញគឺនៅមានឱកាសអាចខ្ចីមកវិនិយោគបន្ថែមទៀត។ ប៉ុន្តែអ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់គឺប្រសិទ្ធិភាព និងតម្លាភាពនៃការប្រើប្រាស់បំណុលទាំងនោះ៕ អត្ថបទ៖ អក្ខរា