នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ VIKING ORION បានមកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណ១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាវានេះ មានឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី៩៤) មានផ្ទុកភ្ញៀវទេសចរចំនួន ៨៦៨នាក់ ស្រី៤៥០ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ១៨សញ្ជាតិ។
ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅពេលនេះ ត្រូវបានក្រុមការងារបដិសណ្ឋារកិច្ច នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរ និងសមត្ថកិច្ចគ្រប់ផ្នែកបានរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សានូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ ដោយឡែកនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា នាវា VIKING ORION នឹងបន្តដំណើរកាន់ប្រទេសថៃ៕