នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានធ្វើការប្តេជ្ញាកាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា ថានឹងបន្តប្រឹងប្រែងធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន ខណៈពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Albanese បានលើកដូច្នេះ ក្នុងអំឡុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិន (CIIE) នៅទីក្រុងសៀងហៃ ដែលត្រូវជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី ផងដែរ។
លោក Albanese បានថ្លែងថា ៖” ការចូលរួមផ្នែកសេដ្ឋកិច្ច នៅក្នុងន័យបែបស្ថាបនា រវាងប្រទេសនានា គឺបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ហេតុដូច្នេះហើយទើបរដ្ឋាភិបាលដែលខ្ញុំដឹកនាំ នឹងបន្តធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន បន្ថែមទៀត ” ។
គួរឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់មេដឹកនាំអូស្ត្រាលី ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ចំពេលប្រទេសទាំងពីរ កំពុងស្វែងរកការផ្សះផ្សាគ្នា បន្ទាប់ពីមានជម្លោះការទូតអស់រយ:ពេលជាយូរ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ចាប់តាំងពីចូលកាន់អំណាចមក រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Albanese ត្រូវបានគេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសចិន និងអូស្រ្តាលី ហាក់ចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ ដោយរនាំងពន្ធលើមុខទំនិញជាច្រើន ត្រូវបានដកចេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីពេលកន្លងទៅ៕