សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ។សម្តេចធិបតីមានប្រសាសន៍បែបនេះ នៅក្នុងលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកានេះ។
នៅក្នុងលិខិតអបអរសាទរ សម្តេចធិបតីមានប្រសាសន៍ថា ក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អស់រយៈពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយភាពសប្បាយរីករាយ ដូច្នេះ ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។
លើសពីនេះ សម្តេចបន្តថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើនក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ម្យ៉ាងវិញទៀត បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវល្បឿនលឿននេះគឺជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្តាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែ។
ក្នុងលិខិតដដែលបានបញ្ចាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងដ៍មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្ដួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលបានដាក់ចេញដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានោះ សម្តេចធិបតី បង្ហាញនូវទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំនេះ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកប្រើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និងសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់ផងដែរ៕